ប្រភពពីមន្ត្រីគយនិងសមត្ថកិច្ចគយក្នុងខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ថ្មីៗនេះលោក ចាន់ សំបូរ បានពង្រាយកម្លាំងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះស្រេចតែអំពើចិត្តដោយយកលេសថាប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ផែនការ។ លោក ចាន់ សំបូរ ប្រើគ្រប់វិធីដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម ។
ប្រភពដែលស្និទ្ធនឹងលោក ចាន់ សំបូរ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តធំៗដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧អា ពីច្រកត្រពាំងស្រែ ចូលមកក្រុងក្រចេះ ក៏ដូចជាមានរថយន្តឈ្មួញដឹកជញ្ជូនផលកសិកម្មចេញទៅប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ជាច្រើនគ្រឿងហើយក្លាយទៅជាប្រភពចំណូលរបស់លោក ចាន់ សំបូរ យ៉ាងសុខស្រួលតែម្តង។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះមានរថយន្តរបស់មន្ត្រីគយខេត្តក្រចេះ ២គ្រឿងត្រូវបានគេយកទៅដាក់នៅចំណុចកែងខ្លាស្ទុះ និងកែងផ្លូវក្នុងស្រុកស្នួល ដើម្បីឃាត់រថយន្តដឹកទំនិញចេញពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ រថយន្តរបស់មន្ត្រីគយទាំង២គ្រឿងនោះកាក់គ្រប់រថយន្តដឹកទំនិញដែលបើកបរឆ្លងកាត់ក្រុងក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ហើយគាបយកលុយពីម្ចាស់រថយន្តដឹកទំនិញតាមអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា ការដែលលោក ចាន់ សំបូរ ចាត់តាំងឲ្យមន្ត្រីគយចល័តធ្វើសកម្មភាពគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តក្រចេះ គឺជាវិធីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយយ៉ាងច្បាស់ក្រឡែត ៕