ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តយីហោ 2ND កើតឡើងកាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១ កែផ្លូវលេខ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយកន្លែងយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ត្រូវបានរលត់ទាំងស្រុងហើយ នៅម៉ោង ៩និង១០នាទីព្រឹក ថ្ងៃដដែល ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៦គ្រឿង ដែលចេញមកពីគ្រប់អង្គភាព និងប្រើប្រាស់ អេស្កាវ៉ាទ័រចំនួន១គ្រឿង វាយកម្ទេចជញ្ជាំង ដើម្បីងាយស្រួលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
ដោយឡែកសម្រាប់ទំហំ នៃការខូចខាតទ្រព្យសម្បត្តិមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ គ្រាន់តែដឹងថា សម្ភារនៅខាងក្នុងក្លឹបនេះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ហើយសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។
គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុនៅម៉ោងជិត៦ព្រឹក គេឃើញមានផ្សែងហុយចេញពីទីតាំងនេះយ៉ាងខ្មួលខ្មាញ់ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារនៅខាងក្នុងក្លិបតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែង និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់ តែដោយសារតែអគ្គិភ័យបានឆាបឆេះខ្លាំង និងពិបាកចូលទៅខាងក្នុងនោះ សមត្ថកិច្ចជំនាញបានហៅអេស្កាវ៉ាទ័រ មួយគ្រឿងមក ដើម្បីវាយជញ្ជាំង ងាយស្រួលបាញ់ទឹកពន្លត់ ៕ ជ្រោយពេជ្រ