ភ្នំពេញ៖ បុរសជាជនជាតិកូរ៉េម្នាក់បើករថយន្តឡិចសុីស RX300 មួយគ្រឿងលឿនពេកចាប់ហ្រ្វាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងកំពុងបត់ឆ្វេងដៃចូលបុរីសែនសុខពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករេចង្កូតទៅបុកចូលផ្ទះជួសជុលម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ២កើតខែស្រាបណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិកូរ៉េម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-0402ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីហាយប្រ៊ីដពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-1680បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតនៅពីមុខស្របទិសគ្នា ហើយក៏បត់ឆ្វេងដៃចូលបុរីសែនសុខដោយរថយន្តដែលបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំហៀងទ្វារមុខខាងឆ្វេងពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកផ្ទះជួសជុលម៉ូតូខូចខាតជញ្ជាំងផ្នែកខាងមុខបន្ថែមទៀតនិងរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នា ដោយភាគីម្ចាស់រថយន្តបង្កជាជនជាតិកូរ៉េកបានចេញសំណងទៅម្ចាស់រថយន្តរងគ្រោះចំនួន២០០០ដុល្លារ និងចេញសំណងទៅឲ្យម្ចាស់ផ្ទះជួលជុលម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ