ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដស្រវឹង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដ និងទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ ស្រវឹងស្រាជោកជាំ បើករថយន្តយ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់១កំណាត់ និងរថយន្ដខូចខាតយ៉ាងដំណំផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុខពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ និងមានអ្នករួមដំណើរម្នាក់ផង បានបើករថយន្ដ១គ្រឿង ម៉ាកកូរ៉ូឡា ដែលពាក់ស្លាកលេខ កណ្ដាល 2A-3221 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្ដ និងអ្នករួមដំណើររងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖