ខេត្តកណ្ដាលៈ ក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈចុះពីរថយន្ដចូលទៅក្នុងផ្ទះ តែពុំទាន់បានចូលផ្ទះផង ត្រូវរថយន្ដដឹកសិស្សនោះបើកមិនប្រយ័ត្នកិនតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង១៤នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឌី ម៉ាណា ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី០៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកអ្នកបើកបររថយន្ដឈ្មោះ ស៊ុំ អូន ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកសិស្សសាលារៀនភាសាអង់គ្លេសអាមេរិកាំងអូខេ មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើករថយន្តម៉ាកនីសាន់ ៣០កៅអី ពណ៌សលាយក្រហម ពាក់ស្លាកលេខសៀមរាប 3A-0404 ។
ប្រភពដដែលបន្ដថា សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដដឹកសិស្សខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយដឹកតាមផ្ទះរៀងៗខ្លួន លុះមកដល់ចំណុចកើតហេតុ រថយន្ដបានឈប់ដោយឲ្យសិស្សចុះចូលផ្ទះ ខណៈនោះក្មេងប្រុសរងគ្រោះក៏បានចុះពីលើរថយន្ដ តែពុំទាន់ដើរចូលផ្ទះរបស់ខ្លួនទេ ដោយអ្នកបើកបរពុំដឹងក៏បើករថយន្ដចេញ តែជាអកុសលបានកិនក្មេងប្រុសរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរថយន្ដនិងរថយន្ដ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុក បានធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការនគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ