ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តស្លាកលេខនគរបាលទៅបុករថយន្តឡិចស៊ីស រុញទៅបុកខឿនការ៉ាស់សាំងហើយព្យាយាមបើករត់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តស្លាកលេខនគរបាលជ្រុលទៅបុករថយន្តឡិចស៊ីសRX330 ពីក្រោយរុញទៅបុកខឿនការ៉ាស់សាំង រួចរេចង្កូតទៅបុកខឿនថ្មចាក់សាំង ហើយព្យាយាមបើករត់បានប្រមាណជាង១គីឡូម៉ែត្រ បែកធុងទឹកហូប្រេងម៉ាស៊ីនពេញផ្លូវទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវលេខ១០០៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2-5168 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស RX-៣៣០ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0278 បើកបរដោយបុរសជនជាតិចិនម្នាក់ ពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសជ្រុលទៅបុកខឿនការ៉ាស់សាំង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តរេចង្កូតទៅបុកខឿនថ្មសម្រាប់ចាក់សាំងពេញទំហឹង ហើយមិនបានឈប់ដោះស្រាយគ្នានោះទេបានព្យាយាមបើករត់ទាំង បែកធុងទឹកនិងហូរប្រេងម៉ាស៊ីនពេញផ្លូវដល់ចំណុចមុខការ៉ាស់សាំងPTTផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួសសង្កែ២ ខណ្ឌឬស្សីកែវ ទើបទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនងទៅសមត្ថកិច្ចចុះមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖