ភ្នំពេញ៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ខណៈដែលយុវជនម្នាក់ បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវកោងមិនព្រមបន្ថយលឿន បណ្ដាលឲ្យរអិលដួលដោយខ្លួនឯង ធ្វើឲ្យម៉ូតូអូសជាង១០ម៉ែត្រ និងបែកផ្កាភ្លើងបង្កជាការឆាបឆេះម៉ូតូតែម្ដង ។ ចំណែកអ្នកបើកបម៉ូតូបណ្ដាលឲ្យបោកទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលារៀនចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1M-5966 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ហើយមិនបានបន្ថយលឿននោះទេ ស្រាប់តែរអិលដួលបោកទៅនឹងថ្នល់អូសជាង១០ម៉ែត្រ និងបែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះម៉ូតូតែម្ដង ។ ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានដែលកំពុងល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយនាំគ្នាបាច់ទឹកភ្លៀងដែលដក់តាមដងផ្លូវនៅក្បែរនោះ ដើម្បីជួយពន្លត់បានទាន់ពេលវេលា ដោយម៉ូតូគ្រាន់តែខូចខាតឆេះរោលបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯយុវជនដែលជាអ្នកបើកបម៉ូតូ ដែលសន្លប់នោះ ក៏បានងើបដឹងខ្លួនវិញ ហើយដោយគ្រាន់តែរងរបួសរលោតដៃរលោតជើងបន្តិចបន្តួច ។
ក្រោយកើតហេតុយុវជនរងគ្រោះបានទាក់ទងទៅមិត្តភក្តិឲ្យមកដឹកយកទៅគ្លីនិកឯកជន ដើម្បីលាងរបួស និងម៉ូតូយកទៅជួសជុលខ្លួនឯង ៕ស តារា