ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាពីយប់ ព្រឹកឡើងចុះស្រង់កណ្តាប់ក្នុងប្រឡាយ លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ មានជំងឺតេតាណុសប្រចាំកាយ ហើយហូបស្រាជាប្រចាំ ហើយបានចុះស្រង់កណ្តាប់ចេញពីប្រឡាយទុកស្ទូង ស្រាប់តែជំងឺចាស់រើឡើង ប្រកាច់ស្លាប់ក្នុងទឹកតែម្នាក់ឯងយ៉ាងអាណោចអាធ័ម ។ ករណីនេះ បានកើតឡើងកាលពីម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចម្ការរុន ភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ។

ជនរងគ្រោះឈ្មោះឈឹម ណាន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ត្រូវជាប្រពន្ឋជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ មានជំងឺតេតាណុស តែងប្រកាន់ជាញឹកញាប់ ហើយគាត់ជាមនុស្សផឹកស្រាស្រវឹងជាប្រចាំ ។ នៅព្រឹកថ្ងៃកើតហេតុ គាត់បានប្រើប្តីឲ្យទៅស្រង់កណ្តាប់ពីក្នុងប្រឡាយទុកលើគោកដើម្បីស្ទូង ។ លុះដល់ម៉ោងកើតហេតុ គាត់បានដើរទៅដល់ស្រែ ស្រាប់តែឃើញប្តីរបស់គាត់ ស្លាប់ក្នុងប្រឡាយទឹកបាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យមកពិនិត្យសព ។

ក្រោយពីសមត្ថកិច្ច បានពិនិត្យសាកសពរួច មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖