ព័ត៌មានទាន់ហេតុការណ៍៖

លុយ​ជិត​៨លាន​ដុល្លារ​អាមេរិក​ ,​ លោក​ព្រះរាជ​អាជ្ញា​រង​ សៀង​ សុខ​ បន្តការ​សាកសួរ​ឪពុក​កូន​ជនជាតិ​កូរ៉េ​២នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ​ បានបន្ត​ការ​សាកសួរ​លើ​ឪពុក​ និង​កូនស្រី​ ជនជាតិ​កូរ៉េ​២នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់ជិត​៨លានដុល្លារអាមេរិក ។

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ឈ្មោះ ចូ ស៊ូពិន cho so in ភេទប្រស​ អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313 ។ ជនសង្ស័យទី២ឈ្មោះ ចូ សាមហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឪពុកកូនឈ្មោះ ជិន ជីហុង Jin zhehong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុនShenyang Aiweiou Healfh Products Co, ltd មានអសយដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ឥឡូវនេះជនសង្ស័យទាំង២នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោកព្រះរាជអាជ្ញារងសៀង សុខ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនសជាតិកូរ៉េពីបទឆបោកមានទឹកប្រាក់ចំនួន២៩២,០៤៥ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៦ និងបទលួចមានទឹកប្រាក់ចំនួន៧,២០៥,៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារ​សាធារណៈក្លែង ។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញ​រថយន្តអាមេរិកទំនើបមួយគ្រឿងម៉ាក LINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០,០០០ដុល្លារ ។

ស្រាប់តែពេលនេះ​ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការ​ប្រធានក្រុមហ៊ុនបាននិយាយថាឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុនTianjing គឺប្រហែលតម្លៃ ២២២,០០០ដុល្លារប៉ុណ្ណោះ ។

ពេលនោះក្រុមហ៊ុនដែលកុម្ម៉ង់ទិញបានពន្យល់អំពី​លក្ខណៈរថយន្តដែលទិញគឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់កាង​ការពារ​គ្រាប់កំភ្លើង ។

បន្ទាប់មកពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើទឹកប្រាក់៣១៤,០០០ដុល្លារ ឲ្យចូ ស៊ូពិន និងចូ សាមហ្សុង ។ លុះដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿងមានភិនភាគប្រហាក់ប្រហែលនឹងរថយន្តដែលក្រុមហ៊ុនកុម្ម៉ង់មកឲ្យ។

ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថានឹងយករថយន្តថ្មីមកឲ្យហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ ។

មិនតែប៉ុណ្ណោះនៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុកបានលួចដកសាច់ប្រាក់សុទ្ធរបស់​ក្រុមហ៊ុនអស់ចំនួន ៧,២០៥,៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះបុរសជនជាតិកូរ៉េទាំង២នាក់ឪពុកកូនបានមករស់នៅប្រទេសកម្ពុជាវិញដោយទិញខុនដូររស់នៅ និងទិញរថយន្តមាករ៉ង់រ៉ូវើពាក់ស្លាកលេខ ខ.ម មានអង្គរក្សការពារជិះទៀតទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕ ចេស្តា


ចែករំលែក៖