ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធទ្រង់ទ្រាយធំប្រធានាធិបតី ពូទីន ចង់សំដៅទៅលើប្រទេសណា?

ចែករំលែក៖

ការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ត្រូវបានក្រុមអ្នកឯកទេស បញ្ជាក់ថា គឺជាការវាយប្រហារចិត្តសាស្ត្រ ទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ដែលមិនចូលចិត្តរុស្ស៊ី ក្នុងនោះមាន អាមេរិកជាដើម។

សមយុទ្ធ Vostok-2018 ជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុតរបស់សហព័ន្ធរុស្ស៊ី បន្ទាប់ពីសហភាពសូវៀតដួលរលំ។ នៅ ក្នុងការធ្វើសមយុទ្ធនោះ មានទាហានជាង ៣សែននាក់ រថក្រោះជាង៣៦ពាន់គ្រឿង យន្តហោះចម្បាំងជាង១ពាន់គ្រឿង។ ក្រៅពីកម្លាំងទាហាននិងសព្វាវុធរបស់រុស្ស៊ី នៅ មានទាហានចិន ៣.៦០០នាក់ និងយន្តហោះចម្បាំងឧទ្ធម្ភាគចក្រ២៤គ្រឿង … ព្រមទាំង កងពលទាហានម៉ុងហ្គោលីចូល រួមផងដែរ។

កាលពីជិត៤០ឆ្នាំមុន គឺនៅឆ្នាំ១៩៨១ សមយុទ្ធ Zapad-81 ដែលជាសមយុទ្ធយុទ្ធ ទ្រង់ទ្រាយធំបំផុតរបស់អតីតសហភាព សូវៀត ដោយមានកម្លាំងទាហាន១៥០ពាន់នាក់ចូលរួម និងសព្វាវុធទំនើបៗជា ច្រើន។ ប៉ុន្តែមានទ្រង់ទ្រាយតិចជាងពាក់ កណ្តាលនៃសមយុទ្ធដឹកនាំដោយលោក ពូទីន។ មិនតែប៉ុណ្ណោះ សមយុទ្ធរបស់រុស្ស៊ី ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងរវាង រុស្ស៊ី នឹងប្រទេស លោកខាងលិចកំពុង ប្រឈមមុខតានតឹងបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។ ប៉ុន្តែសមយុទ្ធពេលនេះធ្វើឡើងនៅតំបន់ភាគខាងកើត មិនមែនធ្វើឡើងនៅភាគ ខាងលិច ដូចការសម័យសូវៀតនោះឡើយ ។

នៅក្នុងសម័យសង្គ្រាមត្រជាក់ សមយុទ្ធ ត្រូវបានចាត់ទុកថា ជាការវាយប្រហារ មិនមែនគ្រាន់តែជាការព្រមាននោះឡើយ។ នៅក្នុងសមយុទ្ធ Vostok-2018 លើកនេះត្រូវបានធ្វើឡើងនៅតំបន់ភាគខាងកើត នៃប្រទេសរុស្ស៊ី ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពីប្រធានាធិបតីពូទីន។ ប៉ុន្តែគោលដៅនៃការធ្វើសមយុទ្ធរបស់ លោក ពូទីន គឺសំដៅទៅលើប្រទេសលោកខាង លិច និងអាមេរិក។

បច្ចុប្បន្នអាចនិយាយបានថា សង្គ្រាមត្រជាក់បែបថ្មីកំពុងតែកើតឡើង មិនត្រឹមតែនៅក្នុងវិស័យប្រជែងអាវុធនោះឡើយ ថែមទាំងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាការវាយប្រហារតាមរយៈចារកិច្ចធ្វើឲ្យគូ សត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។

ការធ្វើសមយុទ្ធរបស់រុស្ស៊ីនាពេលនេះ គឺជាការវាយប្រហារ ប៉ុន្តែការវាយប្រហារ នោះ មានសភាពសម្បូរបែបជាងមុន តាម ការវាយតម្លៃរបស់ក្រុមឯកទេស។ អំពីយុទ្ធ សាស្ត្រយោធា Vostok-2018 បានបង្ហាញយ៉ាងច្បាស់ពីភូមិសាស្ត្រសំខាន់សម្រាប់សង្គ្រាម នៅពេលអនាគត គឺតំបន់ភាគ ខាងជើងប៉ាស៊ីហ្វិក អាស៊ីភាគខាងកើត ឈូងសមុទ្រ Bering និងរាលដាលដល់ សមុទ្រភាគខាងលិច អាមេរិកទៀតផង។

នៅពេលនេះ ពេលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងនៅមិនទាន់អាចពន្លត់ភ្លើង សង្គ្រាមទាំងស្រុងនោះ សង្គ្រាមអាចនឹង បន្តឆាបឆេះគ្រប់ពេល។ ក្រៅពីនេះ នៅមាន បញ្ហាតំបន់មជ្ឈិមបូព៌ា អាស៊ានផងដែរ។

អ្វីដែលសំខាន់បំផុតនោះគឺសមយុទ្ធ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន មានការ ចូលរួមពីកម្លាំងទាហានចិន ជាសារដ៏ សំខាន់ផ្ញើទៅកាន់ពិភពលោក ទាំងមូល ពិសេសគឺអាមេរិក ដោយបង្កប់អត្ថន័យថា រុស្ស៊ី និងចិន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពីភពលោកឡើងវិញ ក្រោយពេលអាមេរិក និងសម្ពន្ធមិត្តធ្វើឲ្យច្របូកច្របល់អស់៕ មែវ សាធី


ចែករំលែក៖