ព័ត៌មានទាន់ហេតុការណ៍៖

តំបន់បឹងព្រលិតមានប្រព័ន្ធលូដែរ តែហូរមិនទាន់ ផ្ទះរាប់រយខ្នងជន់លិចទឹក

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យតំបន់មួយចំនួនដូចជានៅតំបន់បឹងព្រលិត ក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ និងសង្កាត់វាលស្បូវ រងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋរាប់រយខ្នង បានធ្វើឲ្យក្រុមការងារសាលាខណ្ឌច្បារអំពៅ ចេញអន្តរាគមន៍បន្ទាន់ ដើម្បីបូមទឹកចេញពីតំបន់រងគ្រោះជាពិសេសនៅ តំបន់បឹងព្រលិតមានប្រព័ន្ធលូ ដែរតែហូរមិនទាន់ ព្រោះមាន នីវ៉ូ ទាប ។

ចំណែកសំរាមក៏ជាបញ្ហាប្រឈមមួយដែរ គឺជាដើមចមដែលធ្វើលូស្ទះហូរមិនទាន់ ហើយត្រូវបានក្រុមការងារសាលាខណ្ឌច្បារអំពៅ ក្រោមការដឹកនាំរបស់លោកចេង មុនីរ៉ា អភិបាលខណ្ធច្បារអំពៅ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ៤រូបទៀត បើកយុទ្ធការទាំងភ្លៀងចុះប្រមូលចេញពីផ្លូវជាតិលេខ១និងកាយចេញពីមាត់លូរដើម្បីកុំឲ្យហូរចូលលូរបណ្តាលឲ្យស្ទះ ដោយឡែកម៉ាស៉ីនបូមទឹកនៅព្រះពន្លា ក៏ធ្វើសកម្មភាពបូមទឹកចេញដែរតែបូមមិនទាន់ ព្រោះរ៉េអាទ័រជាប់គាំងដោយសារសំរាម ។

យុទ្ធនាការធ្វើឡើងព្រមៗគ្នានៅថ្ងៃចុងសប្តាហ៍ទី១៥_១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃសម្រាកពីការងាររាជការនេះ ក្រុមការងារសាលាច្បារអំពៅបានចែកចេញជា៣គោលដៅ ទី១_បញ្ជូនកម្លាំង និងតំឡើងម៉ាស៊ីនបូមទឹកបន្ថែម២ទៀត ដើម្បីបូមទឹកចេញពីភូមិតាង៉ូវ សង្កាត់និរោធ , ទី២_បញ្ជូនកម្លាំងចុះសម្អាត់បរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវ៣៦៩ និងសម្អាត់ក្បាល រ៉េអាទ័រ នៅក្នុងម៉ាស៊ីនបូមទឹកព្រះពន្លា និងទី៣_ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងដល់លំនៅដ្ឋានជិត២០០គ្រួសារ នៅក្នុងសង្កាត់វាលស្បូវ ដែលអំណោយទាំងនោះ ត្រូវក្រុមការងារដឹកតាមទូក និងបន្តលីលើស្មាដើរលុយទឹកយកទៅចែកជូនដល់ផ្ទះដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា តំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេ នៅក្នុងខណ្ឌ ច្បារអំពៅ គឺនៅសង្កាត់និរោធ និង សង្កាត់វាលស្បូវ ឥឡូវនេះក្រុមការងារសាលាខណ្ឌបានប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីបូមទឹកចេញពីតំបន់លិចលង់ ហើយក៏ជាការឆ្លើយតបបន្ទាន់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៕ សណ្តោស


ចែករំលែក៖