ខេត្តត្បូងឃ្មុំ៖ ក្របីចំនួន៦ក្បាលត្រូវចោរមួយក្រុមមានគ្នាមិនតិចជាង៣នាក់ ទេបានចូលទៅលួចស្រាយចំណងក្នុង ក្រោល ដែលគេធ្វើនៅក្រោយផ្ទះបម្រុង ដឹកតាមរថយន្តហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះទ្រុងពណ៌ខៀវ១គ្រឿង មិនមានពាក់ ស្លាកលេខដែលគេសង្ស័យថា យកទៅ លក់នៅប្រទេសវៀតណាម ។ ប៉ុន្ត ែសំណាងល្អ រថយន្តជាប់ផុងទៅ មុខមិន រួចក៏ត្រូវអ្នកភូមិនិងសមត្ថកិច្ចតាមរកឃើញ ទើបពួកចោរគេចខ្លួនបាត់អស់ទុក រថយន្តនិងក្របីចោលនៅនឹងកន្លែង ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១១យប់ ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិថ្នល់ថ្មី ឃុំកោងកាង ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ។
លោកអនុសេនីយ៍ឯក ទឺ សា នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង បាន ឱ្យដឹងថា ម្ចាស់ក្របីខាងលើឈ្មោះ អឿន ចុន ភេទប្រុស អាយុ៤៧ឆ្នាំ។ នៅល្ងាចថ្ងៃនោះមុនពេលកើតហេតុគាត់បានជួបជុំមិត្តភក្តិផឹកស៊ីនៅក្នុងភូមិ តែមិនបានស្រវឹងទេ ហើយក៏បានដេកលក់មួយភាំងទៅ ។ លុះពេលដឹងខ្លួនបានបញ្ចាំងភ្លើងពិលមើលទៅក្រោលក្របីក្រោយផ្ទះ ដែលមានចម្ងាយ ប្រមាណ ១០ម៉ែត្រ ស្រាប់តែបាត់ក្របីអស់រលីងពីក្រោលទាំង៦ក្បាល ក៏ស្រែកឆោ ឡោ ឡើងនិង រាយការណ៍ប្រាប់មេភូមិ ភ្លាមៗ ។
លោកនាយប៉ុស្តិ៍បន្តថា ពេលលោកបានទទួលព័ត៌មាននេះភ្លាមលោកក៏ដឹកនាំកងកម្លាំង ចុះមកដល់ផ្ទះកើតហេតហើយអ្នកភូមិរាប់រយនាក់ បានបែងចែកគ្នារុករកតាមគោលដៅផ្សេងៗ ម្នាក់ៗប្រដាប់ដោយ ដំបង កាំបិត ពិលគ្រប់ដៃ នាំគ្នាដើរតាមដាន ជើងក្របី ។ លុះតាមដានជើងក្របី និងមនុស្សរហូត ដល់ចម្ងាយជាង១គីឡូ ម៉ែត្រ ក៏ប្រទះឃើញ រថយន្ត១គ្រឿងជាប់ផុង ទៅមុខមិនរួច ហើយឃើញក្របីទាំង៦ក្បាលត្រូវបានគេចងនៅនឹងដើមឈើជិតរថយន្តនោះដែរ ។ ចំណែកក្រុមចោរលួចក្របីមិនដឹងជាមានគ្នាប៉ុន្មាននាក់ទេ បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់បន្សល់ទុកតែរថយន្តនិងក្របីនៅ នឹងកន្លែង ។
ក្នុងប្រតិបត្តិការនេះ ដោយមានការ បញ្ជាពីលោកស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកពញាក្រែក និងមានការសហការពីសំណាក់ប៉ុស្តិ៍ នគរបាលរដ្ឋបាលកក់ផងដែរ ទើបតាមប្រមាញ់រករថយន្តដឹកក្របីឃើញ ហើយនៅ ព្រឹកថ្ងៃទី១៥ខែកញ្ញា ក្របីទាំង៦ក្បាលត្រូវបានប្រគល់ជូនម្ចាស់វិញ និងស្រាវជ្រាវតាម រកក្រុមចោរបន្តទៀត តាមរយៈរថយន្តដែលបានបន្សល់ទុកនៅកន្លែងកើតហេតុ ។
យ៉ាងណាអ្នកស្រុកថា បើកុំតែឡាន ជាប់ផុងម្លេ៉ះក្របីទាំង៦ក្បាលចូលទៅវៀតណាមបាត់ទៅហើយ ៕ សហការី