ភ្នំពេញ៖ សហភាពសហជីពកម្ពុជា ហៅកាត់ថា CCU ស្នើរាជរដ្ឋាភិបាលកម្ពុជាទទួលយកសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុប ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចនិងរក្សាកំណើនសេដ្ឋកិច្ចបន្តទៀត ជាពិសេសរក្សាការងារជូនកម្មករ កម្មការិនី ។
សេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៨ ខែកញ្ញា នេះ សហភាពសហជីពកម្ពុជា ដាក់ការព្រួយបារម្ភចំពោះអនាគតការងាររបស់កម្មករ កម្មការិនី នឹងបាត់បង់ការងារ ប្រសិនថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា មិនព្រមប្តូរឥរិយាបថនយោបាយរបស់ខ្លួន តាមសេចក្ដីសម្រេចរបស់សហគមន៍អឺរ៉ុប ។
សហគមន៍អឺរ៉ុប បានអនុម័តសេចក្តីសម្រេចកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សឡើងវិញ ដោយតម្រូវឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា លើកលែងទោសលោកសម រង្ស៊ី ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាព និង ឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ។
ទោះបីយ៉ាងណា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ខែជូនកម្មករ ហើយអះអាងថា ស្ថានភាពការងារកម្មករនៅតែល្អប្រសើរ ។
ដោយឡែក ការបោះឆ្នោតបានបញ្ចប់ទៅដោយជោគជ័យ ខណៈថ្នាក់ដឹកនាំប្រទេស ក៏រៀបចំរួចរាល់ និង កំពុងដំណើរការជាប្រក្រតីផងដែរ ៕ ចេស្តា