ខេត្តឧត្តរមានជ័យ៖ អ្នកទោសជាប់ឃុំនៅពន្ធនាគារ ខេត្តឧត្តរមានជ័យម្នាក់ បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅពេលដែលមន្រ្ដីពន្ធនាគារ នាំខ្លួនមកប្រកាសសាលក្រម ពីបទលួច ផ្ដើមគំនិតក្នុងអំពើលួច ទទួលផលចោរកម្ម ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីមិនរាងចាល ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថា ទណ្ឌិតដែលបានរត់គេចខ្លួនបាត់ទៅនោះ ឈ្មោះ តែម ធួន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ តាសៀម ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប
ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួននៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ។
បើតាមការឲ្យដឹងពីលោក សៅ ផាន់នី ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យបានឲ្យដឹងថា អ្នកទោសខាងលើបាននាំខ្លួនយកទៅប្រកាសសាលក្រម នៅសាលាដំបូងខេត្តឧត្តរមានជ័យ នៅបន្ទប់ ជាន់លើ ពេលនោះអ្នកទោសរូបនោះ បានលោតពីជាន់លើ រត់គេចខ្លួនបាត់ ដោយសាតែមន្រ្ដីរបស់លោក មិនហ៊ានលោតតាម ព្រោះខ្លាចគ្រោះថ្នាក់ ។
លោកបន្តថា ឥឡូវនេះកងកម្លាំងសមត្ថកិច្ច កំពុងតែស្វះស្វែងរុករកហើយ តែមិនទាន់ឃើញនោះទេ ៕ ប៉ែន នួន