ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹបកំសាន្ដនានា ដែលកំពុងប្រកបអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ មានសមត្ថកិច្ច ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹបកំសាន្ដនានា ដែលកំពុងប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ ឲ្យបានញឹកញាប់ជាប្រចាំចៀសវាង កុំឲ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសជួញដូរ ដោយគ្មានញញើត ស្របពេលដែលនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគ្រស្មាញ់នៅឡើយនោះ សមត្ថ កិច្ចគ្រប់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែ បន្ដយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ ត្រូវដាក់ ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់ ។

លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីកិច្ច ប្រជុំ រកដំណោះស្រាយ បង្ក្រាបការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យខានតែបាន ទៅក្លឹបកំសាន្ដនានា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហ្បតិ៏ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជាក់ស្តែងសម្រាប់ពេលនេះ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែង ក្លឹបកំសាន្ដសប្បាយភាព នៅក្នុងរាជធានីភ្នំពេញ បន្ដទៀត ។

លោកនាយឧត្តមសេនីយមាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា៖ ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែល្អប្រសើរ ទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខឲ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការណែនាំមិនឲ្យមានការនាំចូលនូវរុក្ខជាតិញៀនចូលមកក្នុងរាជធានីក៏ដូចជាចូលមកប្រទេសកម្ពុជាផងដែរ ។

លោកនាយឧត្តមសេនីយមាស វិរិទ្ធ ក៏បានស្នើឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថា គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ ទៅហើយ ។ ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកំសាន្ត និងទីកន្លែងសប្បាយភាព ដោយយើងបានកំណត់ទីតាំងចំនួន១០កន្លែងរួចហើយ ដើម្បីធ្វើការងារនេះ ។ យើងបានដាក់ទៅឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានីដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត ។

លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយយើងក៏នឹងបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់ និងខុនដូ ។ ការចាប់ពិនិត្យមើលទឹកនោម ចំពោះប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹប ។ ការងារនេះភ្នំពេញ ត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះជាអ្នកទទួលខុសត្រូវ ។ បើទីតាំងណាធ្វើខុសពីការណែនាំយើងមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង ។

លោកនាយឧត្តមសេនីយម៉ក់ ជីតូ អគ្គស្នងការងនរគបាលជាតិ ក៏បាន ជំរុញឱ្យសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ស្របតាមការ ដាក់ចេញរបស់រាជរដ្ឋាភិបាល ។

លោកក៏បានបញ្ជាក់ថា៖ ចំពោះការចុះពិនិត្យ ក្នុងក្លឹប និងកន្លែងសប្បាយភាពនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ ។ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះឲ្យបានល្អ ហើយបើមាននរណាមករារាំង យើងនឹងអនុវត្តតាមច្បាប់ ។ លោកបន្តថា ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាប់ជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឲ្យឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋរហូតដល់ព្រះសង្ឃ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានជំរុញឲ្យសង្កាត់ ខណ្ឌទាំង១២ ត្រូវបន្ដ អនុវត្តតាមសេច ក្តីណែនាំរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ ។ ប្រទេសកម្ពុជារីកចំរើន គឺពឺងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចឲ្យប្រទេសកម្ពុជារីកចម្រើន ជឿនលឿនទៅបាននោះ ។

លោក បានបន្តថា៖ បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវចុះត្រួតពិនិត្យនៅតំបន់ស្មុកស្មាញនិងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។ រឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់ឲ្យតែយើងតាំងចិត្តធ្វើ ។ បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើយើងបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀតក៏ត្រូវបានកាត់បន្ថយធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាពដែរ ។

លោក ឃួង ស្រេង បានបន្តថា៖ ជាទិសដៅខាងមុខនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យើងនឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបំរើប្រជាពល រដ្ឋឲ្យចំគោលដៅដែល ប្រជាពលរដ្ឋចង់បាន មកដល់ម៉ោងនេះគឺដល់ពេលដែលត្រូវបំរើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពហើយ ៕ សំរិត


ចែករំលែក៖