ខេត្តព្រះសីហនុ៖ រឿងអាស្រូវរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាន់តែសុះសាយខ្លាំងឡើងៗ ពាក់ព័ន្ធការបើកដៃឲ្យក្រុមហ៊ុន ជឹង សុភាព ហៅយាយភូ ភរិយាលោកឧកញ៉ាឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា លុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។
ឥឡូវនេះ លេចឮព័ត៌មានមួយទៀត គឺ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានចែកដីម្នាក់មួយឡូតិ៍ដល់ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តព្រះសីហនុ ជាថ្នូរនឹងការមិនចុះផ្សាយរឿងអាស្រូវ ក្នុងខេត្តព្រះសីហនុ ។
អភិបាលរងខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ពិតជាបានចែកដីឲ្យអ្នកាសែតនិងទូរទស្សន៍ ប្រមាណជាង១០នាក់មែន នៅចំណុច អូរអារ៉េវក្នុងតំបន់ ក្បាលឆាយ ។
ប្រជាពលរដ្ឋរួមទាំងអ្នកកាសែតផង កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលេចឮ ព័ត៌មានគួរឲ្យភ្ញាក់ផ្អើល ថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចែកដីឲ្យអ្នកកាសែតមួយចំនួនស្ងាត់ៗ ក្នុងពេលដែល គេរិះគន់ថា ការចែកដីឲ្យអ្នកកាសែតនោះគឺដើម្បីកុំ ឲ្យសរសេរព័ត៌មានមិនប្រក្រតី មួយចំនួននៅក្នុងខេត្តនេះ ព្រោះខេត្តជាប់មាត់ សមុទ្រនេះ កំពុងផ្ទុះរឿងអាស្រូវ ដីធ្លីជាច្រើនកន្លងមក ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋបាន ឲ្យដឹងថា មានអ្នកកាសែតភាគច្រើន អង្គុយពិភាក្សាគ្នាបានរាយការណ៍ ថា លោកអភិបាលខេត្តព្រះសីហនុ បានប្រគល់ដីឲ្យកាសែត ម្នាក់១ឡូតិ៍ហើយ មានចំនួនច្រើននាក់ផងដែរ ។
ប៉ុន្ដែអ្នកកាសែតមួយចំនួនក៏មិនទទួលបានដែរ ព្រោះមិនចេះ អែបអប និងឡេមឡឺម លើកដៃលើកជើង គឺអត់តែម្តង ហើយអ្នកកាសែតខ្លះ ហ៊ានអះអាងថាមិនឲ្យមាន ព័ត៌មានចុះផ្សាយ រឿងអាស្រូវក្នុង ខេត្តព្រះសីហនុ នេះទៀតផង ។
ប្រភពដដែលនោះ បានបន្តថា អ្នកកាសែត មួយចំនួន និយាយថា គាត់ទទួលបានដីភ្លាមលក់ភ្លែត មិនទុកយូរទេ ព្រោះខ្លាចអង្គភាព ដឹងគេទាមទារចំណែក ។
ចំណែកអ្នកខ្លះទៀតនិយាយថា ទុកដីនេះសិនហើយ ព្រោះហាងឆេងដីធ្លីឡើងរហូត ។ ឯអ្នកខ្លះទៀត និយាយថា បើបានហើយកុំអួតពេក ព្រោះនេះជាអន្ទាក់វ័ណ្ឌក ប្រយ័ត្នតែអង្គភាពដឹងគេសរសេររិះគន់រដ្ឋបាលខេត្តព្រះសីហនុ វិញហើយ ។
ទោះបីយ៉ាងណា បញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពុំទាន់ចេញមុខបកស្រាយយ៉ាងណានៅឡើយទេ ៕ ចេស្តា