ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្តកុងតឺន័រទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ យុវជនចំនួន២នាក់បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ី ក្នុងល្បឿនលឿនហើយព្យាយាមជែងរថយន្តកុងតឺន័រមួយគ្រឿង មិនផុត ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីឃើញហេតុការនេះ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន២នាក់ ស្រវឹងស្រាជោក ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-4503 ឌុបគ្នាក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្តកុងតឺន័រមួយគ្រឿង បើកនៅខាងមុខមិនផុតបានចូលមកចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-7253 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យស្ទាវទាំង២នាក់រងរបួសស្រាល ។ ចំណែករថយន្ត និងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖