ភ្នំពេញ៖ ទីតាំងផ្ទះវីឡាដាក់យីហោពិគ្រោះយោបល់លើគ្រប់បញ្ហាអាជីវកម្មស្របច្បាប់មួយកន្លែង ត្រូវបានឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យផ្ទុះសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើង មានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះជួយអត្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតានៅតាមបណ្ដោយផ្លូវ១៩៣៨ ស្ថិតនៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺទីតាំងខាងលើនេះ បានដាច់ចរន្ថអគ្គិសនី (ដាច់ភ្លើង)ពេលនោះម្ចាស់ទីតាំងបានទៅបញ្ឆេះម៉ាស៊ីនភ្លើង ស្រាប់តែមួយសន្ទុះក្រោយមកក៏ភ្លើងរដ្ឋ បានឆេះមកវិញ ដោយសង្ស័យថាអាចបណ្ដាលមកពីភ្លើងរដ្ឋបានបុកជាមួយភ្លើងម៉ាស៊ីន បង្កជាការផ្ទុះឡើងដូចសម្លេងផាវ ។ ខណៈនោះស្រាប់តែមានអណ្ដាតភ្លើងឆេះឡើង ធ្វើឲ្យម្ចាស់ផ្ទះនិងពួកគាត់បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់អស់ជិត១០បំពង់ទើបរលត់ទៅវិញ ។
ក្នុងហេតុការណ៍នោះដែរ គឺឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុក៏បានហៅរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌមួយគ្រឿងមកជួយអន្តរាគមន៍ផងដែរ តែមិនបានបាញ់នោះទេ ព្រោះភ្លើងបានរលត់ទាំងស្រុងវិញភ្លាមៗបន្ទាប់ពីពលរដ្ឋបាញ់ពន្លត់ ។
គួរបញ្ជាក់ថានៅក្នុងអគ្គិភ័យនេះ មិនបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិនោះទេ គឺគ្រាន់តែខូចខាងខ្សែភ្លើងបន្តិចបន្តួចប៉ុណោះ និងមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ ៕តុង សីហា