ភ្នំពេញ៖ ក្រោយបញ្ចប់ការត្រួតពិនិត្យ , អាជ្ញាធរចម្រុះ សម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិន ២កន្លែង នៅកោះពេជ្រ ដែលអត់ច្បាប់ប្រតិបត្តិការអាជីវកម្មលើសេវាកម្មផ្ញើ វេរ ប្រាក់ ប្តូរប្រាក់ ក៏ ដូចជាប្រមែប្រមូល ប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេលិចត្រូនិក (digital asset/cryptocurrency)។
អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមានក្រុមការងារធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង កម្លាំងនគរបាលជាតិ នៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយ ឈ្មោះ BIQUAN TECHNOLOGY (ប៊ីឈាន តិចណូឡូជី) ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទីតាំងមួយទៀត ឈ្មោះ Hui Shang International Remittances មានទីតាំងស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនេះ គឺយោងតាមសេចក្តីថ្លែងការណ៍រួម រវាងធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និង ការចរាចរខុសច្បាប់ កាស់អេលិចត្រូនិក។
សមាសភាពចូលរួម មានលោក សៀង ធីរិទ្ធ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា , លោកឧត្ដមសេនីយ៍ទោ មៀច ដេវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ , លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា និង មន្ត្រីមួយចំនួនទៀត ។
ក្រោយបញ្ចប់ការត្រួតពិនិត្យ , អាជ្ញាធរបានសម្រេច ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាត ឬ អាជ្ញាប័ណ្ណស្របច្បាប់ , ណាត់ជួបបង្ហាញអាជ្ញាប័ណ្ណ ឬ ការអនុញ្ញាតប្រកបអាជីវកម្ម នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីតាំងដដែល ជាមួយវត្តមានម្ចាស់ក្រុមហ៊ុន , ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាស់អេឡិចត្រូនិក ប្រហាក់ប្រហែល និងប្រមូលប្រាក់ពីអតិថិជន , ត្រូវរុះរើផ្លាកអាជីវកម្មចេញ Logo Coinups និង ហាមរុះរើសម្ភារទាំងអស់នៅក្នុងអគារចេញពីទីតាំងដើម។
លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា៖ សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះ ទៅណែនាំ តម្រូវឲ្យក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ និង លាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជា ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបានពីជាការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ កំហែង យកតាមប្រព័ន្ធអ៊ីនធើណេត ។ល។ ដូច្នេះជនល្មើស មានឱកាសសម្អាត ប្រើប្រាស់ចរាចរណ៍ប្រាក់យកពីជនរងគ្រោះតាមរយះក្រុមហ៊ុនអត់ច្បាប់បែបនេះ និងបញ្ចៀសហិរញ្ញប្បទានភេវរកម្ម ក៏ដូចជាការពារប្រជាពលរដ្ឋ អតិថិជន កុំឲ្យចាញ់បោកចំពោះការបើកអាជីកម្ម ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាត ។
លោកបន្តថា៖ ក្រុមការងារធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានកណ្ដាល សន្តិសុខ ក្រសួងមហាផ្ទៃ បានធ្វើកិច្ចការពិនិត្យរដ្ឋបាលលើការបើកអាជីកម្មប្តូរប្រាក់ កាស់អេឡិចត្រូនិច ពាក់ព័ន្ធនឹងឯកសារផ្លូវច្បាប់ ចៀសវាងប្រជាពលរដ្ឋ អតិថិជន ងាយនឹងរងគ្រោះ ចាញ់បោកក្រុមហ៊ុន បើកអាជីវកម្មអត់ច្បាប់ទាំងនេះ ។
គួរបញ្ជាក់ថា ការបើកអាជីវកម្មប្តូរប្រាក់ ដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ត្រូវ មានទោសទណ្ឌ ដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ ដូចមានចែងក្នុងជំពូកទី២ ពីអន្តរការិយកម្មធនាគារ មាត្រា៥ ក្នុងចំណុចទី៣ បានបញ្ជាក់ថា ៖ អន្តរការីប្រតិស្រុតិ ក្រោមលក្ខខណ្ឌដែលមានកំណត់ ក្នុងបទបញ្ជាឲ្យផ្តល់ជូនធនាគារកណ្តាលជាទៀងទាត់ នូវរបាយការណ៍តាមកាលកំណត់ប្រតិបត្តិការផ្ទេរប្រាក់ ឬការទូទាត់ និងចលនា នៃដើមទុនចេញ និងចូល ដែលបានអនុវត្ត រវាងព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសក្រៅ ទៅតាមរយៈពេល ដែលនឹងកំណត់ដោយធនាគារកណ្តាល ។ ចំណុចទី៥ ក៏បានបញ្ជាក់ផងដែរថា អាជីវករប្តូរប្រាក់ដល់ដៃ ដែលមានទីតាំងអចល័ត ឬចល័ត អាចប្តូរប្រាក់បាន លុះត្រាតែទទួលការអនុញ្ញាតជាមុនពីធនាគារកណ្តាល ។ ករណីនេះ ក៏មានចែងនៅទោសប្បញ្ញតិ្តតាមមាត្រា២១ ៖ ដូចបញ្ជាក់ថា ៖ ជនណាប្រព្រឹត្តបទល្មើសនឹងចំណុច៣ ឬចំណុច៤ ឬចំណុច៥ នៃមាត្រា៥ ឬប្រព្រឹត្តល្មើសនឹងមាត្រា១៧នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជា ប្រាក់ពី១លានរៀល ដល់១០លានរៀល ឬផ្តន្ទាទោសណាមួយ ក្នុងទោសទាំង២នេះ ៕ សុខ ខេមរា