ភ្នំពេញ: ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលខ្សែភ្លើងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីម៉ោងជិត៩យប់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបែកផ្កាភ្លើងបន្តិចបន្តួចទេនៅលើបង្គោលខ្សែភ្លើង ខណៈមេឃកំពុងភ្លៀងតិចៗ មួយសន្ទុះក្រោយមកស្រាប់តែបង្កជាអណ្ដាតភ្លើងខ្លាំងតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងបានទាក់ទងទៅខាងអគ្គិសនីកម្ពុជាឲ្យបិទភ្លើងរួច ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់អស់ទឹកមួយរថយន្ត ទើបភ្លើងរលត់ទាំងស្រុង នៅម៉ោង៩ និង១៥នាទី យប់ថ្ងែទី២២ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីកើតហេតុខាងក្រុមហ៊ុនអគ្គិសនី(E.D.C) បានមកដល់ជួសជុល ខ្សែភ្លើងឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ភ្លើងជាធម្មតាវិញ៕ ជ្រោយពេជ្រ