ព័ត៌មានទាន់ហេតុការណ៍៖

កុមារកម្ពុជា ៥១នាក់នឹងទៅប្រឡងប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION

ចែករំលែក៖

ភ្នំពេញ៖ កុមារកម្ពុជាឆ្នើមគិតលេខរហ័សចំនួន៥១នាក់ ក្នុងចំណោមកុមារ២១១៩នាក់ ដែលនឹងត្រូវឧបត្ថម្ភទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។ ការប្រកាសនេះ ធ្វើឡើងក្រោយពីសាលា អាយឃីដ បានរៀបចំពិធីប្រឡងថ្នាក់ជាតិ កម្មវិធី UCMAS លើកទី៣របស់ខ្លួន នៅមជ្ឈមណ្ឌលកោះពេជ្រ រយៈពេលមួយថ្ងៃពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ។

កម្មវិធីនេះ ត្រូវបានចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ពីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, លោក RuzaimiMohamad តំណាងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា, លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូវង្ស ស្ថាបនិក និងប្រធាន UCMAS អន្តរជាតិភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក៏ដូចជាអាណាព្យាបាលសិស្សប្រមាណជាង៥០០០នាក់ ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានកោតសរសើរចំពោះការបង្កើតឲ្យមានការប្រឡងថ្នាក់ជាតិលើកទី៣ នៃកម្មវិធីUCMAS ដែលជាកម្មវិធីជួយឲ្យការគណនាលេខ របស់សិស្សបានលឿន បន្ថែមលើនេះ គឺជាជំរុញបំណិន និងបន្ថែមទុនហ្វឹកហាត់ខួរក្បាល ។

លោកបណ្ឌិតបន្តថា បំណិនផ្នែកគិតលេខ ពិតជាសំខាន់នៅក្នុងការសិក្សាររៀនសូត្រនៅថ្នាក់បន្ទាប់ៗទៀត ប្រើប្រាស់សម្រាប់បំពេញការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកបណ្ឌិតលើកឡើងដែរថា កម្មវិធីសិក្សានេះ ពិតជាសំខាន់ហើយលោកបណ្ឌិតអរគុណ សម្រាប់មាតា បិតា ដែលបានគាំទ្រ និងបញ្ជូនកូនៗឲ្យមកសិក្សាជំនាញនេះ បន្ថែមលើកម្មវិធីសិក្សានៅសាលា ដែលអាចបណ្តុះនូវភាពវៃឆ្លាត និងវិធីសាស្ត្រគិតលេខបានលឿន និងធ្វើឲ្យចំណេះដឹងរបស់កូនៗ កាន់តែរឹងមាំសម្រាប់ថ្ងៃអនាគត ។

លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូវង្ស បានមានប្រសាសន៍ថា ឆ្នាំ២០១៨ ជាឆ្នាំទទួលបានសមិទ្ធផលប្រកបដោយជោគជ័យសម្រាប់ UCMAS រយៈពេល២៥ឆ្នាំ ក្នុងដំណើរការកម្មវីធី UCMAS កន្លងមកនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោក លោកស្រី ទាំងអស់ ដែលគាំទ្រកម្មវីធីនេះ ។ បន្ថែមពីនេះទៀត លោកបានបញ្ជាក់ថា កម្មវិធី UCMAS ត្រូវបានដាក់ឲ្យសិក្សាក្នុងប្រទេសចំនួន១៥ថែមទៀត ដូច្នេះនៅពេលនេះ UCMAS បានក្លាយទៅជា Universal Borderless Education Concept សម្រាប់ពិភពលោកទាំងមូលហើយវាជាប្រយោជន៍ ទៅដល់កុមារជាង២.៥លាននាក់លើប្រទេសទាំង៧៩ និងលើទ្វីបទាំង៥ ។

លោក RuzaimiMohamad តំណាងឯកអគ្គរដ្ឋទូតរបស់ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កម្មវិធីUCMAS ជាកម្មវិធីមួយ ដែលលើកកម្ពស់គុណភាព និងកម្រិតអប់រំនៅកម្ពុជា ជាពិសេសជំនាញផ្នែកគណិតវិទ្យា ។ លោករំពឹងទុកថា ចាប់ពីពេលនេះដល់ប៉ុន្មានឆ្នាំទៅមុខទៀតប្រសិនបើយើងជួបបុគ្គលម្នាក់ ដែលជោគជ័យប្រាកដណាស់ពួកគេសុទ្ធសឹងតែជាមនុស្ស ដែលបានឆ្លងកាត់វគ្គសិក្សារបស់កម្មវិធីUCMAS ។

លោក បឺត ណាតវង្ស បានផ្តែផ្តាំទៅកាន់សិស្សានុសិស្សទាំង២១១៩នាក់ ឲ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីសម្រាប់វិញ្ញាសានីមួយៗ ។ ក្នុងនោះសម្រាប់អ្នកទទួលជ័យលាភីក្នុងកម្មវិធីប្រឡងថ្នាក់ជាតិនឹងទទួលបានការឧបត្ថម្ភពីសំណាក់UCMAS Cambodia ដើម្បីចូលរួមប្រឡងថ្នាក់អន្តរជាតិលើកទី២៣នៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។

លោកថា យើងពិតជាមានមោទនភាពដោយសិស្សUCMAS Cambodia ចំនួន៥នាក់បានដណ្តើមជ័យលាភីលេខ២ក្នុងការប្រកួតថ្នាក់អន្តរជាតិលើកទី២២ ក្នុងឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្ស៣០០០នាក់ មកពីបណ្តាប្រទេសប្រមាណ៤០ប្រទេស ។ សម្រាប់ឆ្នាំនេះ យើងជឿជាក់យ៉ាងមុតមាំថា សិស្ស UCMAS Cambodia នឹងដណ្តើមយកជ័យលាភីជាថ្មីម្តងទៀត ក្នុងការប្រកួតថ្នាក់អន្តរជាតិខាងមុខនេះ ៕ វឌ្ឍនា


ចែករំលែក៖