ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពីប្រទេសអូស្ត្រាលី ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តរបស់អង្គការ «cambodia vision» របស់ប្រទេសអូស្ត្រាលីបានមក ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយះពេល៦ថ្ងៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

បើតាមមន្ត្រីមន្ទីសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងមានកិត្តិយស ដោយបានក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត របស់អង្គការcambodia vision ចុះព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ គឺថ្ងៃទី២៣ដល់២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រភពបន្ដថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តបានអញ្ជើញពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋមានដូចជា វះកាត់ជម្ងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ព្រមទាំងពិនិត្យអ្នកគរថ្លង់ផងដែរ។

សកម្មភាពមនុស្សធម៌នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយពិតជាត្រូវ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាតម្រូវការរបស់មន្ត្រីសុខាភិបាល ខេត្តក៏ដូចជាក្រសួងផងដែរ។

មន្ត្រីដដែលនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ក្រុមគ្រូពេទ្យជំនាញស្មគ្រ័ចិត្តរបស់អង្គការcambodia visionដែលមកព្យាបាលដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅពេលនេះ ពិតជាបានចូលរួមនូវការ សម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ បានមួយចំនួនផងដែរ និងស្របតាមគោលនយោយបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យផងដែរ ៕ យឹម សុថាន


ចែករំលែក៖