ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទឈ្មោះ គឹម ឆុង មុខងារជានាយក្រុម កងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី កំពុងរស់នៅដ៏សុខសានក្រៅសំណាញ់ច្បាប់ បើ ទោះជនត្រូវចោទរូបនេះ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបញ្ជូនទៅ កាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសុំំណុំរឿងព្រហ្មទណ្ឌលេខ១៩២/១៧/០៨/២០១៨ និងជម្រាបជូនទៅកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ជុំវិញជនត្រូវចោទរូបនេះ ពាក់ព័ន្ធុះនឹងបទល្មើសព្រៃឈើ ។ ប៉ុន្តែទីបំផុតមេឈ្មួញ ជាមេយោធា គឹម ឆុង មិន ត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួននៅឡើយទេ ។ ចំណុចុំនេះត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងការស៊កប៉ាន់ ក្នុងរឿងព្រហ្មទណ្ឌមួយនេះ ។
ប្រភពមិនច្បាស់ការណ៍ ប៉ុន្តែអាចជឿទុកចិត្តបានបង្ហើបថា លោក គឹម ឆុង យ៉ាងតិចត្រូវបានចំណាយប្រាក់ជាង ៥ម៉ឺនដុល្លារ ដើម្បីព្យាយាមបានរស់ក្រៅសំណាញ់ច្បាប់ ។
ពាក់ព័ន្ធករណីនេះ អង្គភាពនគរដ្រេហ្គន មិនអាចសុំការបំភ្លឺបានទេ ពីស្ថាប័នអយ្យការ និងសាមីខ្លួន លោក គឹម ឆុង នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។
គួររំឭកថា នៅក្នុងលិខិតរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក ម៉ម វ៉ាន់ដា និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត ផ្ញើជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ក្នុងនោះ សូមជូនដំណឹងស្តីពីការចោទប្រកាន់លើជនត្រូវចោទឈ្មោះ គឹម ឆុង ភេទប្រុស កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៨៩ មុខងារជានាយក្រុមកងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិ ការសឹករងមណ្ឌលគិរី ដោយយកតាមសំណុំរឿងព្រហ្មទណ្ឌលេខ១៩២ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៤៥/១៨ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ។
នៅក្នុងលិខិតរបស់តំណាងអយ្យការបានបញ្ជាក់យ៉ាងលម្អិតថា ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អយ្យ ការអមសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចចោទប្រកាន់លើជនត្រូវចោទឈ្មោះ គឹម ឆុង ពីបទ ៖ នាំចេញ ផលអនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ តាមមាត្រា៩៨ កថាខណ្ឌ២ ចំណុច៧ នៃច្បាប់ស្តីពីព្រៃឈើ ប្រព្រឹត្ត នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពពីមន្ត្រីចំនាញ (មន្ត្រីនគរបាលយុត្តិធម៌) បានលួចបង្ហើបថា ពេលសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើ ដែល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧-ណាំលៀ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបរថយន្តដឹកឈើក្នុងបទល្មើសជាក់ស្តែង ក្នុងនោះខាងរដ្ឋបាលព្រៃឈើក៏បង្ក្រាបបាន ខាង បរិស្ថានក៏បង្ក្រាបបាន ជាមួយការឃាត់ខ្លួនជនសង្ស័យ ។
បើទោះជាសមត្ថកិច្ចមិនបានឃាត់ខ្លួនមេយោធាឈ្មោះ គឹម ឆុង ក៏ដោយប៉ុន្តែតាមកំណត់ហេតុស្តាប់ចម្លើយដែល សមត្ថកិច្ចសួរនាំជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ពួកគេបានសារភាពថា ដឹកជញ្ជូនឈើទៅប្រទេសវៀតណាម ហើយមេខ្លោងនោះគឺជាជនត្រូវចោទឈ្មោះ គឹម ឆុង ទើបតំណាងអយ្យការចោទប្រកាន់ទៅលើឈ្មោះ គឹម ឆុង ពីបទនាំចេញ ផលអនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ តាមមាត្រា៩៨ កថាខណ្ឌ២ ចំណុច៧ នៃច្បាប់ស្តីពីព្រៃឈើ ប្រព្រឹត្ត នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ហើយប្រមាណជា២សប្តាហ៍មុន ជនត្រូវចោទមិនបានចូលខ្លួនមកឆ្លើយបភ្លឺក្នុងដំណាក់កាលចៅក្រមស៊ើបសួរ នោះទេ ។
មន្ត្រីតុលាការបញ្ជាក់ថា មានតែវត្តមានមេធាវី តំណាងឲ្យជនត្រូវចោទប៉ុណ្ណោះចូលមកបំភ្លឺ តំណាងឲ្យកូនក្តីរបស់ ខ្លួន ហើយឈ្មោះ គឹម ឆុងនេះ ក៏បានរស់នៅក្រៅឃុំដោយបណ្តោះអាសន្ន ស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត សមត្ថកិច្ចនិងជំនាញបានរំឭកថា ឈ្មោះ គឹម ឆុង ជាមន្ត្រី យោធារូបនេះ គឺជាឈ្មួញឈើដ៏ធំទាំងការប្រមូលទិញ និងការដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម តាមច្រកទ្វេ ភាគីប៉ុស្តិ៍៧-ណាំលៀ និងច្រករបៀបមួយចំនួនទៀតរបស់យោធា និងនគរបាលព្រំដែន ធ្វើសកម្មភាពជាយូរឆ្នាំ ប៉ុន្តែទីបំផុតរឿងបទល្មើសព្រហ្មទណ្ឌ ដំរីងាប់អាចយកចង្អេមកបាំង ដោយសារឥទ្ធិពលនៃអំពើស៊កប៉ាន់ ប្រព្រឹត្ត អំពើពុករលួយ រវាងអ្នកអនុវត្តច្បាប់ជាមួយជនត្រូវចោទឈ្មោះ គឹម ឆុងនេះតែម្តង ៕ សុខខេមរា