ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្ត ដោយសារការបើកបរគ្មានការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកគ្នា ប៉ុន្តែមិនបង្កឲ្យមានអ្នករបួសធ្ងន់នោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្រ្តីនគរបាលចរាចរណ៍ខណ្ឌចំការមន បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CN-5712 បើកបរដោយបុរសម្នាក់(របួសស្រាល) បានបើកជ្រុលទៅគៀរថយន្តតូយ៉ូតាកាមរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AB-0900បណ្ដាលឲ្យខូចខាតម៉ូតូនិងរថយន្តបន្តិចចន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែភាគីទាំង២ មិនព្រមទទួលខុស បែរជាឈ្លោះប្រកែកគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំង២ សម្របសម្រួល ទើបម្ចាស់ម៉ូតូយល់ព្រម សងថ្លៃខូចខាតទៅម្ចាស់រថយន្តចំនួន២០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ៕ ស រស្មី