ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះ អុប សុភា ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ គោរពជូន លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើ សុំចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេត និងអធិការកិច្ចលើវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 17100103-4989 ចុះថ្ងៃទី03 ខែសីហា ឆ្នាំ2017 ចេញដោយមន្ទីររៀបចំដែនដិ គរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តសៀមរាប ។ បន្ទាប់មកក្រសួងរៀបចំដែនដី ក៏បានចេញលិខិតលេខ 14-18 ដនស/អសដក ចុះថ្ងៃទី 13 ខែមិថុនា ឆ្នាំ2018 ដោយ លោកលឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងជម្រាបមកអភិបាលខេត្តសៀមរាប ពិនិត្យនិងដោះស្រាយ ។ ប៉ុន្តែមិនត្រូវបានចៅហ្វាយខេត្តសៀមរាប មិនយកភ្នែកមើលឡើយ បែរជាបណ្តោយឲ្យ ក្រុមហ៊ុនលី អ៊ុំអេង យកកងកម្លាំងទៅហ៊ុំព័ទ្ធរបងលើដីប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្នារស់នៅស្របច្បាប់ប្រកប អាជីវកម្មរាប់សិបឆ្នាំមកហើយអស់រលីង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពិលោកឡាយ សុជាតិ អាជីវករ អ្នកខេត្ដសៀមរាប នៅថ្ងៃពុធ ២រោច ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ។
យោងតាមឯកសារពាក់ព័ន្ធមួយចំនួនដែលទទួលបានបញ្ជាក់ថាៈ កាលពីអំឡុងឆ្នាំ 2010 ឈ្មោះ ឡាយ សុជាតិនិងប្រពន្ធអុប សុភា បានទិញដីធ្វើអាជីវកម្មមួយកន្លែងស្ថិតនៅផ្សាររាត្រីអង្គរឃ្យូងយូ ទំហំ 55 ម៉ែត្រ x 75 ម៉ែត្រ ពីឈ្មោះ ចិត្ត សុធា អ្នកគ្រប់គ្រងដីធ្វើអាជីវកម្ម ដើម្បីបើកមុខរបររកស៊ី។ បន្ទាប់ពីផ្តិតមេដៃ លក់ទិញរួចបានប្រគល់ប្រាក់ថ្លៃទិញដីឲ្យម្ចាស់ដីរួចរាល់ ។ ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះអុប សុភា ក៏បានដាក់ពាក្យស្នើសុំប្រកបអាជីវកម្មដាក់រទេះភ្លើងក្មេងជិះកំសាន្ត ទោងយោលក្មេងជិះលេងកំសាន្ត ផ្ទះកូនបាល់កូនក្មេង គប់ប៉េងប៉ោង ថាស់ហោះ ជិះកូនទា និងឡានបុកគ្នា ពីអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញតាំងពីឆ្នាំ 2010 ដោយមានលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយទាំងអស់ ។ តាំងពីរចាប់ផ្តើមបើកអាជីវកម្ម រហូតមកដល់សព្វថ្ងៃ គឺពុំដែលមានការរំខានពីបុគ្គលណាមួយនោះទេ ។
បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ 2017 ស្រាប់តែឈ្មោះ លី អ៊ុំអេង បានបញ្ជាគេឲ្យ យកគ្រឿងចក្រ មកឈូសឆាយចាក់ដីរំលោភលើដីលំនៅដ្ឋាន និងដីដំណាំហូបផ្លែដូចជា ខ្នុរ ស្វាយ ល្ហុង ព្រីង និងចេក របស់ឈ្មោះ ឡាយ សុជាតិ និងឈ្មោះ អុប សុភា អស់ស្ទើរទាំងស្រុង ។ ឃើញដូច្នេះឈ្មោះ ឡាយ សុជាតិ និងភរិយា ក៏បានប្តឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យជួយរកយុត្តិធម៌ ហើយក៏មានការប្រជុំដោះស្រាយជាហូរហែ តាំងពីថ្នាក់សង្កាត់ ក្រុង រហូតដល់ខេត្ត ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយ ។ បែរជានៅរសៀលថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2018 លោកស្រី លី អ៊ុំអេង និងបក្សពួកបាននាំ កងកំលាំងប៉ូលីស យករបងស័ង្កសី មកហ៊ុំព័ទ្ធលើដីធ្វើអាជីវកម្មរបស់ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះ អុប សុភាទាំងអស់ដោយមិនអនុញ្ញាតឲ្យចូលយកសូម្បីតែសំភារៈធ្វើអាជីវកម្មដែលដាក់នៅលើដីនោះចេញឡើយ។
តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ពេលដែលកំលាំងមានសមត្ថកិច្ចចុះមកបិទរបងព័ទ្ធជុំវិញដីធ្វើអាជីវកម្មរបស់ឈ្មោះ ឡាយ សុជាតិបាននិយាយទាំងខឹងសម្បារថា អាងតែពួកវា មានអំណាច មានលុយ ចង់ធ្វើអីក៏បានដែរ កងកំលាំងសមត្ថកិច្ចសម្រាប់ជួយ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ បែរជាយកមកប្រើប្រាស់សម្រាប់រំលោភបំពានយកដីប្រជាពលរដ្ឋទន់ខ្សោយទៅវិញ។ ជាក់ស្តែងដូចយើងឃើញ នឹងភ្នែកហើយ បើយើងឈ្នះក្តី ហើយចង់មកយកដីនេះ គួរតែទុកឲ្យគ្នាអ្នកចាញ់ក្តី រុះរើសំភារៈរបស់របរគ្នាចេញសិនទៅកុំលេងលបៗ យករបងមកព័ន្ធយកឆៅៗ អញ្ចឺងតើត្រង់ណា ភាពយុត្តិធម៌? ខ្មែរដូចគ្នាសោះ គួរតែយោគយល់ខ្លះទៅលោកអើយ ។
ដោយឡែក លោកស្រី អុប សុភា បាននិយាយទាំងទឹកភ្នែកថា តុលាការគួរតែបើកការស៊ើបអង្កេតការលួចចេញប្លង់កម្មសិទ្ធិដី ដែលឈ្មោះ លី អ៊ុំអេង យកមកដាក់ជាភស្តុតាងក្នុងសំណុំរឿងសិនទៅ មុននឹងសម្រេចឲ្យមានការចាញ់ ឈ្នះ ថា តើមន្ទីររៀបចំដែនដីខេត្តសៀមរាបចេញប័ណ្ណហ្នឹងស្របច្បាប់ដែរ ឬអត់? តើមានអាជ្ញាធរ ពាក់ព័ន្ធ ឬអ្នកជាប់ព្រំ ផ្តិតមេដៃដឹងឮដែរឬអត់? កុំចេះ តែចេញៗ យកទៅឲ្យតុលាការ ធ្វើជាសំអាង យ៉ាងអញ្ចឹង ងាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ហើយ។
ជាចុងក្រោយ តាមរយៈអ្នកសារព័ត៌មាន លោកស្រី អុប សុភា សំណូមពរដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់គ្រួសាររបស់គាត់ផង។
ដោយឡែក លោកស្រី លី អ៊ុំអេង អ្នកសារពត៌មានពុំអាចទំនាក់ទំនងសុំការបកស្រាយបានទេ នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៨ ដោយពុំស្គាល់លេខទូរស័ព្ទ សារព័ត៌មាន រង់ចាំទទួលការបកស្រាយពន្យល់គ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល ៕ សិលា