ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនចោរឆក់ទូរស័ព្ទ២នាក់ជាក់ស្តែង បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក Iphone 7Plus ពីអ្នកគ្រូបង្រៀនម្នាក់ដែលកំពុងជិះម៉ូតូម្នាក់ឯង តាមផ្លូវសាធារណៈ តែមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ សាទ ចាន់ដារ៉ូ អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក , ទី២ឈ្មោះ ស៊ិន ស៊ីអិត អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលី ឃុំជើងខ្នា ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ណារី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា