ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដ៏ទៃ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ណុប ណាវី ភេទ ស្រី អាយុ ៤៩ឆ្នាំ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ គង់ អ៊ី (ហៅ អ៊ឹមសែង-M5 )ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឈ្មួញរកស៊ីទិញ-លក់ដី បច្ចុប្បន្នរស់នៅ ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ គង់ អ៊ី បាននាំឈ្មួញទិញ-លក់ដី ទៅពិនិត្យទីតាំងដី០២កន្លែង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន ៤៥ហិកតា នៅពេលនិយាយថ្លៃត្រូវគ្នា ឈ្មួញទិញ-លក់ដី បានទាមទារពិនិត្យមើលឯកសារពាក់ព័ន្ធដីខាងលើ ដើម្បីប្រគល់ប្រាក់កក់ចំនួន ៥០.០០០ដុល្លាសហរដ្ឋអាមេរិក(ប្រាំម៉ឺនដុល្លារ) លុះពេលចុះទៅពិនិត្យឯកសារដីរួចរាល់ហើយ ក៏បែកគ្នាទៅវិញរៀងៗខ្លួន ។

ក្រោយមកទើបជនរងគ្រោះត្រូវបានគេផ្តល់ដំណឹងមកថា ជនសង្ស័យខាងលើ បានលក់ដីឲ្យឈ្មួញ ដែលជាដីកម្មសិទិ្ធរបស់ជនរងគ្រោះ និងដីកម្មសិទិ្ធរបស់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ទើបជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។ បន្ទាប់ពីឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ កន្លងមកខ្លួនធ្លាប់បានលួចលក់ដីអ្នកដ៏ទៃ ទៅឲ្យឈ្មួញរកស៊ីទិញ-លក់ដី ជាច្រើនលើកមកហើយ ចំណែកបញ្ហាវិវាទ គឺម្ចាស់ដី និងឈ្មួញដែលទិញពីខ្លួន ជាអ្នកដោះស្រាយដោយខ្លួនឯង ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើ កន្លងមកជាជនបង្កចលាចលពាក់ព័ន្ធបញ្ហាវិវាទដីធ្លីក្នុងក្រុងប៉ោយប៉ែត ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស សម


ចែករំលែក៖