ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ សង្កាត់ សហការគ្នា ត្រូវហាមឃាត ចាត់ វិធានការមិនឲ្យរថយន្តធំៗ ចេញ ចូលរាជធានីភ្នំពេញនៅពេលថ្ងៃ ដាច់ខាតរួមនឹងការលុបបំបាត់មិនឲ្យមានប័ណ្ណអនុញ្ញាតចេញ ចូលរាជធានីប្រភេទA, BនិងCទៀតទេ។
លោក ឃួង ស្រេង បានចាត់វិធានការបែបនេះ ខណៈក្នុងជំនួបសំណេះ សំណាល ជាមួយមន្ដ្រីរាជការចំណុះសាលាខណ្ឌចំការមន និងសង្កាត់ កាលពីរសៀលថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ចាប់ពីពេលនេះតទៅ ឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឲ្យមានដាច់ខាត ហើយក៏លែងឲ្យមានការកំណត់ម៉ោងនេះ ម៉ោងនោះចេញ ចូលក្រុងដូចមុនទៀតដែរ ដូចជាប័ណ្ណអនុញ្ញាតចេញ ចូលA, B និងC ជាដើម។
លោកបញ្ជាក់ថា កន្លងមកនេះ រថយន្តចេញ ចូលរាជធានីភ្នំពេញបានតាមចិត្ត ឲ្យតែមានប័ណ្ណអនុញ្ញាតចេញ ចូលក្រុង ប្រភេទA, B និងCនេះ បង្កឲ្យមានគ្រោះថ្នាក់ និងកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង ។
លោកបានបញ្ជាក់ថា៖ អារឿងប័ណ្ណអនុញ្ញាតចេញ ចូលក្រុងប្រភេទA, BនិងCនេះ គេអាចកូពីបានយ៉ាងស្រួល ហើយនរណាគេជាអ្នកយកមកពិនិត្យថា ពិត ឬមិនពិតនោះ។ ទាំងនេះហើយ ដែលធ្វើឲ្យរថយន្តធំឆ្លៀតឱកាសចេញ ចូលក្រុងបាន។ ដូច្នេះចាប់ពីពេលនេះតទៅឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឲ្យមានដាច់ខាត តែអាចចេញចូលក្រុងបានចាប់ពីម៉ោង ៨ទៅ៩យប់។ តែសម្រាប់ ផ្លូវបី មិនឲ្យរថយន្តធំឆ្លងកាត់ដាច់ខាត នោះ គឺផ្លូវ ព្រះមុនីវង្ស ផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវព្រះនរោត្តម ។
ក្រៅពីបញ្ហាខាងលើ លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ចៅសង្កាត់ មេភូមិ បើមិនធ្វើការងារបំរើប្រជាពលរដ្ឋទេ នឹងមានបញ្ហហើយ ដូច្នេះត្រូវរួមគ្នាប្រឹងប្រែងធ្វើ ដើម្បីឲ្យប្រពលរដ្ឋពេញចិត្តពេញថ្លើម ។
លោកបន្តថា បើក្រុមហ៊ុនធ្វើមិនត្រូវតាមច្បាប់ ខុសបច្ចេកទេស អាជ្ញាធរខណ្ឌឃាត់ភ្លាម ក្រុមហ៊ុននរណាក៏ដោយ សំខាន់កុំឲ្យទៅឃាត់គេ ដើម្បីយកលុយនោះទើបយើងខុស ។ មន្ត្រីរបស់យើង ត្រូវមើលច្បាប់សំណង់ឡើងវិញ ។ បញ្ហា លូ ផ្លូវ ខូចគ្មាននរណាច្បាស់ជាងលោក មេភូមិ ចៅសង្កាត់នោះទេ ដូច្នេះ បើមានបញ្ហាខូច ឬ ត្រូវជួសជុលយ៉ាងណានោះ ត្រូវរាយការណ៍មកខណ្ឌ ដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាបំរើការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ។
លោកបន្ដថា៖នៅខណ្ឌចំការមន មានសង្កាត់មួយ គឺទន្លេបាសាក់ ការរៀបចំសណ្តាប់ធ្នាប់នៅមិនទាន់ល្អនូវឡើយទេ ពិសេសការចតមិនមានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ ។ បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្កាត់នេះឲ្យល្អប្រសើរឡើង។
ក្រៅពីការជំរុញ អនុវត្តការងារបន្តហើយនោះ លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌចំការមន រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ផងដែរ ដោយកន្លងមកនេះ បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន ។
ពាក់ព័ន្ធនឹងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌចំការមននេះដែរ លោកព្រំ សំខាន់ អភិបាល ខណ្ឌចំការមន ក្នុងឱកាសនោះ បានលើកឡើងពីបទល្មើសពាក់ព័ន្ធ ភូមិសង្កាត់ មានសុវត្ថិភាព ក្នុងត្រីមាសទី៣នេះ ដោយបង្ល្រាបបទល្មើសលួច ឆក់ប្លន់ បានជាច្រើនករណី ហើយការងារនេះរដ្ឋបាលខណ្ឌ ក៏បាននឹងកំពុងធ្វើរាល់ថ្ងៃផងដែរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌឲ្យបានកាន់តែល្អប្រសើរ ។
លោកបន្តថា៖ ក្រៅពីការងារភូមិ សង្កាត់មានសុវត្ថិភាពនេះ ការកសាងនូវហេដ្ឋានរចនាសម្ព័ន្ធ ក៏បាននឹងកំពុងកសាង ជួសជុល ផ្លូវ លូ ជាច្រើនខ្សែផងដែរ ។ ចំពោះការផ្តល់អត្តសញ្ញាណប័ណ្ណ និងសេវា កម្មផ្សេងៗជូនប្រជាពលរដ្ឋ ក៏បាននិងកំពុងធ្វើយ៉ាងសកម្មផងដែរ។
លោកក៏បានបញ្ជាក់ថា៖ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហា សន្តិសុខ គ្រឿងញៀន បញ្ញាសណ្តាប់ធ្នាប់ បញ្ហាសំរាម ក៏នៅតែជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយឲ្យមានប្រសើរថែមទៀត ។ មន្ត្រីរដ្ឋបាលខណ្ឌចំការមន ក្នុងឱកាសនោះ ក៏បានលើកឡើងពីការចង់បានរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាបង្គោលភ្លើងនៅតាមផ្លូវសាធារណៈ ពិសេស លើផ្លូវ៤៣០ ពីរង្វង់មូលផ្សារដើមថ្កូវ ដល់ក្រោយមន្ទីរពេទ្យរុស្ស៊ី ។
បញ្ហាលូ បញ្ហាដើមឈើងាប់ ហើយកាប់មិនបាន ជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ហើយក៏បានលើក ឡើងពីបញ្ហាសំរាម ដែលក្រុមហ៊ុនស៊ីនទ្រី ប្រមូលមិនទាន់ ពេលផងដែរ ៕ សំរិត