ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលក្រោយអធិការរងម្នាក់ កាន់ប្រកាសដើរអួតតាមតុកាហ្វេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនរបាលមួយរូប បានកាន់ប្រកាស ដើរអួតមន្ត្រី និងមហាជនតាមតុកាហ្វេថាមិនយូរនោះទេ ខ្លួនត្រូវប្រកាសចូលកាន់តំណែងជាអធិការវិញម្តង ខណៈអធិការចាស់ត្រូវផ្លាស់ទៅកាន់តំណែងជានាយរងការិយាល័យប្រ ឆាំងគ្រឿងញៀនខេត្តវិញម្តង ។

បុរសរូបនោះត្រូវបានស្គាល់ និងដឹងថាឈ្មោះ អ៊ុ ចំរើន ឋានៈអនុសេនីយ៍ឯក ជាអធិការរងទទួលបន្ទុកផែនសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ។

មានការលើកឡើងថា លោកអ៊ុ ចំរើន បាននិយាយអួតក្តែងៗ តាមតុកាហ្វេថា ខ្លួនមានឪធម៌ ពាក់ផ្កាយ៤ ដូច្នោះខ្លួនចង់ទៅកាន់តំណែងអ្វីនៅកំពង់ស្ពឺនេះ ក៏បានដែរ តែឥឡូវត្រូវកាន់តំណែងជាអធិការសិន ។

មានការលើកឡើងទៀតថា មិនត្រឹមតែប៉ុណ្ណោះ គាត់បានអួតថា ថ្ងៃបន្តនឹងឈោងទៅកាន់តំណែងជាស្នងការខេត្តទៀតផង ។

ការនិយាយអួតបែបនេះ ត្រូវបានមហាជនរិះគន់ថា “បើទោះជាមានឪធម៌ ពាក់ផ្កាយ៤ចាំជួយជ្រោមជ្រែងក្តី ក៏មិនគួរណាដើរនិយាយអួតតាមកន្លែងសាធារណៈបែបនេះដែរ ព្រោះថា វាជារឿងដែលមិនសមនោះទេ ។ ម្យ៉ាងថ្នាក់ដឹកនាំគាត់អាចតែងតាំងយើងបាន ក៏អាចដកយើងវិញបានដែរ នៅពេលណាមួយ ដែលកើតមានបទល្មើសហើយយើងបង្ក្រាប និងទប់ស្កាត់មិនបាន” ។

ដោយឡែក មន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍នានាក្នុងស្រុកបសេដ្ឋបានសម្តែងនូវភាពភ្ញាក់ផ្អើល និងការនឹកស្មានមិនដល់ថា មិនគួរណាមានការដោះដូរតំណែងអធិការលឿនបែបនេះសោះ ។ មានការលើកឡើងទៀតថា ទំនងហើយប្រហែលជាលោកអធិការចាស់ ជាមនុស្សគ្មានខ្សែបក្ខពួក និងខ្នងបង្អែកដូចគេហើយមើលទៅ ទើបត្រូវដូរដាក់អ្នកមានខ្នងបង្អែកលឿនបែបនេះ ។ អ្វីដែលកូនចៅថ្នាក់ក្រោមបានដឹង គឺអធិការចាស់ឡើងតំណែងតាមរយះមេបក្ខស្រុក (អតីតអភិបាលស្រុកចាស់ ណុប គឹមស្រេង) ដែលមើលឃើញពីសមត្ថភាព និងស្នាដៃការងាររបស់គាត់ ដែលសម្រេចបាន ទើបស្នើសុំទៅថ្នាក់ដឹកនាំខេត្ត តាមរយៈជួរបក្ខឲ្យកាន់តំណែងនេះ តែមិនបានប៉ុន្មានផង ក៏ត្រូវអ្នកមានខ្សែ និងខ្នងបង្អែកដណ្តើមយកតួនាទីនេះ ទៅបានដោយសុវត្ថិភាព ។

មហាជនជាច្រើននៅទូទាំងស្រុកបសេដ្ឋបានលើកឡើងថា អ្នកដែលត្រូវផ្លាស់ប្តូរ គួរតែលោកអធិការស្រុកថ្ពងឯណោះទេ ព្រោះគាត់មានរឿងអាស្រូវជាច្រើន រហូតដល់មានការប្តឹងដល់សម្តេចក្រឡាហោមទៀតផង ។

សូមបញ្ជាក់ថា តាមប្រកាសក្រសួងមហាផ្ទៃដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តនាវេលាម៉ោង២ និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ។

មជ្ឈដ្ឋានមហាជនរង់ចាំមើលថា”តើ នៅពេលប្រកាស លោក អ៊ុ ចំរើ នចូលកាន់តួនាទីជាអធិការ អាចនឹងមានការប្រកាសដកលោក ហ៊ុន សុខហុន ដែរឬទេ ព្រោះថា រវាងចំណារ នឹងហត្ថលេខារបស់សម្តេចក្រឡាហោម ដែលសម្រេចដកលោកហ៊ុន សុខហុន ជាយូរមកហើយនោះ មិនទាន់បានធ្វើនៅឡើយទេ ។ មហាជនសង្ឃឹមថា សម្តេចនឹងពិនិត្យមើលបញ្ហានេះ ជាក់ជាមិនខានឡើយ ចៀសវាងមានការរិះគន់ពីសំណាក់មហាជន ។

ពាក់ព័ន្ឋនឹងបញ្ហានេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបញ្ជាក់តាមសារ វ័តអាប់ថា” វាជាការធម្មតា ក្នុងរបទការងារ គឺតែងតែមានការផ្លាស់ប្ដូរអញ្ចឹងហើយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អ” ។

ដោយឡែកសាមីខ្លួនលោក យ៉ាង សុខលី បានអះអាងថា វាជារឿងធម្មតារបស់កងកម្លាំងដែល តែងតែមានការផ្លាស់ប្តូរពីកន្លែង១ ទីកន្លែង១ យ៉ាងដូចច្នេះ ហើយចំពោះលោករីករាយនឹងទៅកាន់កន្លែងថ្មីគ្រប់ពេលវេលា៕ ហេង សូរិយា


ចែករំលែក៖