ខេត្តកំពង់ស្ពឺៈ ប្រជាពលរដ្ឋជាច្រើន អ្នករកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើ និងបទល្មើសផ្សេងៗ បានរិះគន់ និងចោទប្រកាន់លោក តឹង ពីង ដែលអះអាងថា ជាមន្ត្រីយោធាម្នាក់ នៅក្នុងអង្គភាពយោធភូមិភាគ៣ ថា បានយកអំណាចរបស់ខ្លួន ដេកចាំ និងដើរជំរិតទារប្រាក់ពីពួកគាត់មិនត្រាប្រណីឡើយ ជាថ្នូរនឹងការមិនចាប់បង្ក្រាបនោះ ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៧ ខែកញា ឆ្នាំ ២០១៨ កន្លងទៅ ប្រជាពលរដ្ឋជាអ្នកដឹកផលអនុផលព្រៃឈើបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ទឹកដីស្រុកថ្ពងឆ្ពោះមក ខេត្តកំពង់ស្ពឺបានដោយរលូនដូចសព្វថ្ងៃនេះ ក៏ដោយសារពួកគាត់យកលុយទៅរត់ការឲ្យមន្ត្រីជំនាញពាក់ព័ន្ធនានា ក្នុងនោះ មានឈ្មោះ តឹង ពីង អះអាងថា ខ្លួនជាមន្ត្រីយោធានៅភូមិភាគទី៣ គឺតម្រូវឲ្យពួកគាត់ចូលបង់លុយក្នុងមួយគោយន្តកន្រ្តៃ តម្លៃ២ម៉ឺនរៀល រថយន្តទួរីស៤ម៉ឺនរៀល រថយន្តដឹកបទល្មើសធំៗ រាប់រយពាន់ដុល្លារ បើមិនប្រាប់ឲ្យដឹងមុននោះទេ លោកតឹង ពីងបាន គំរាមចាប់យករថយន្ត ប្រគល់ឲ្យសមត្ថកិច្ចជំនាញជាក់ជាមិនខានឡើយ។
បើអ្នកណាបង់តាមការកំណត់ បុគ្គល តឹង ពីង នោះធានាបើករថយន្ដកាងឲ្យដល់គោលដៅតែម្តង។ ប៉ុន្តែនៅថ្ងៃកើតហេតុនេះ អ្នកសារព័ត៌មានបានជួប ថតផ្តិតយករូបភាពមកផ្សព្វផ្សាយនោះ ជននេះបានគំរាមបំបាក់ស្មារតី ដើម្បីការពារប្រយោជន៍របស់ខ្លួន ហើយបុគ្គលរូបនោះ មានទាំងកាំភ្លើងខ្លីសៀតចង្កេះថែមទៀតផង។
ទង្វើបែបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅលើកឡើងថា តើលោកមេបញ្ជាការយោធ ភូមិភាគទី៣ ជាអ្នកឲ្យបុគ្គល តឹង ពីង រូបនេះ មកដើរប្រមូលលុយ ចែកឲ្យខ្លួនដែរ ឬមួយយ៉ាងណានោះ?
ដើម្បីជៀសវាងកុំឲ្យមានការរិះគន់ប៉ះពាល់កិត្តិយសស្ថាប័នក្រសួងការពារជាតិ នោះ សូមលោក មេបញ្ជាការយោធភូមិភាគទី៣ ស៊ើបអង្កេតផងថា តើការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើលោក តឹង ពីងនេះ ពិតដែរឬយ៉ាងណា?
មហាជនមានតែរង់ចាំមើលថា តើវិធានការរបស់លោកមេបញ្ជាការយោធភូមិភាគទី៣ មានការស្រាវជ្រាវ ចេញលទ្ធផលបែបណា? ប្រជាពលរដ្ឋបានលើកឡើងថា បុគ្គល តឹង ពីង បានយកអំណាចរបស់ខ្លួនគាបសង្កត់ប្រជាពលរដ្ឋ ហើយកន្លងមក ឈ្មោះ តឹង ពីងនេះ ធ្លាប់បានបើករថយន្តដេញបទល្មើសព្រៃឈើរហូតដល់ក្រឡាប់រថយន្តរងរបួសខ្លួនឯងថែមទៀតផង។
ពាក់ពន្ធ័នឹងការលើកឡើងរបស់ប្រជាពលរដ្ឋអ្នករកស៊ីតិចតួចចោទប្រកាន់បុគ្គល ឈ្មោះ តឹង ពីងនេះដែរ លោក សាយ ធុច នាយរងការិយាល័យយោធភូមិភាគទី៣ បានមានប្រសាសន៍តាមទូរសព្ទ័ថា បុគ្គលឈ្មោះ តឹង ពីង នោះមិនមានឈ្មោះជាយោធា ក្នុងភូមិភាគទី៣នោះទេ ។ ប្រសិនបើបុគ្គលនោះយកឈ្មោះអង្គភាពទៅប្រើ ត្រូវមានទោសតាមផ្លូវច្បាប់៕សេនាស័ក្តិ