ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ឃាត់ខ្លួន២នាក់ ពីបទលួចកាបូបចេញពីរោងចក្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន២នាក់ ដែលមានតួនាទីជាមេការ និងត្រួតពិនិត្យផលិតផលក្នុងរោងចក្រ១កន្លែង នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចឃាត់ខ្លួន តាមពាក្យបណ្តឹងអ្នកតំណាងរោងចក្រ ដកហូត បានកាបូបជាវត្ថុតាងមួយចំនួន ។

ករណីស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាលួចកាបូបចេញពីរោងចក្រនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តំណាងភាគីក្រុមហ៊ុនស៊ូភៀល ខេមបូឌា (រោងចក្រផលិតកាបូប) បានដាក់ពាក្យបណ្តឹងមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្មវត្ថុស្តីពីករណីបាត់កាបូបពីក្នុងរោងចក្រញឹកញាប់ រកមុខជនល្មើស និងអ្នកសមគំនិតមិនឃើញ ។

ក្រោយទទួលបានពាក្យបណ្តឹងនេះ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ចុះដល់ទីតាំងរោងចក្រ ស្ថិតនៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ដោយមានការសហការពីភាគីដើមបណ្តឹង ឆែកកាម៉េរាសុវត្ថិភាពប្រចាំរោងចក្រខាងលើ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនល្មើស ។

ប្រភពដដែលបន្តថា ក្រោយពិនិត្យកាម៉េរា កំណើនមុខសញ្ញាបានហើយ ទើបនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានចឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ នាំមកសាកសួរ ។

ជនសង្ស័យទី១-ឈ្មោះស៊ុន គួយហ្សាំង ភេទស្រី អាយុ៤០ឆ្នាំ តួនាទីត្រួតពិនិត្យ (QC) និងទី២-ឈ្មោះលៀវ យ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ តួនាទីមេការប្រចាំរោងចក្រខាងលើ ។ ពួកគេទាំង២នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ពេលឆែកឆេរបន្ទប់ស្នាក់នៅ សមត្ថកិច្ចដកហូតបានកាបូបយួរចំនួន៩០ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖