ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី មានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងដើរឆ្លងថ្នល់ នៅស្តុបអូរទី១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត អធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ សង្កាត់លេខ២ បានសហការគ្នា ដេញស្ទាក់ ប្រផាប់ប្រភីង ឃាត់ខ្លួន បានភ្លាមៗ នៅមុខរោងចក្រស្រាបៀអង្គរ ចំនួនពីរនាក់៖ ១-ឈ្មោះ ចាប បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ញ៉េប រ៉ាវ័ន្ត ហៅ ពុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់យកបានវត្ថុតាង ដែលជាផលនៃអំពើលួចមាន៖ កាបូបស្ពាយចំហៀង១ ពណ៌ទឹកប្រាក់ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ កូនសោរ១ និង ម៉ូតូ១ម៉ាកHONDA.C125 ផលិត ឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-1519 ( ជាមធ្យោបាយជិះធ្វើសកម្មភាព ) ។
ម្ចាស់សម្ភារ ជាស្រី្តជនជាតិចិន នៅមិនទាន់ស្គាល់អត្តសញ្ញាណ ពីព្រោះ មិនទាន់មកដាក់ពាក្យបណ្តឹង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ឆ្លាម សមុទ្រ