ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនសហការចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៣ និង ២០នាទី ថ្ងៃចន្ទ ៧រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉លិន បានដឹកនាំកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានហៅជនសង្ស័យ ២នាក់ មកសាកសួរ និងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធិផលឃើញមានផ្ទុកនូវសារធាតុទាំងពីរនាក់ ទី១ជនស្ស័យ ឈ្មោះ សឿន តុលា ហៅអាក្រវិលធំ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជនសង្ស័យទី២ ឈ្មោះ សឿម សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នៅមុខពេលកម្លាំងរបស់លោកអធិការក្រុងចុះទៅបង្ក្រាបសារធាតុញៀននោះ លោកអធិការក្រុង ក៏បានស្នើសុំយោបល់ពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីពន្លាតទឹកដី ដោយសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតន:មណ្ឌល ចុះឆែកឆេរបន្ទប់ជួលមួយកន្លែងនៅចំណុចទល់មុខសៃឡូចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង. បន្ទាប់មកក៏បានរកឃើញម្សៅក្រាមពណ៌ស សង្ស័យម៉ាទឹកកកចំនួន ០៣កញ្ចប់ធំនៅចំណុចគំនរសំរាមខាងក្រោយផ្ទះ និងសម្ភារ:សម្រាប់ជក់មួយចំនួន ក្នុងបន្ទប់ ។

លោកវរៈសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិនបានឲ្យដឹងថា: ក្នុងករណីខាងលើនេះ កម្លាំងរបស់លោក បានចុះសហការជាមួយកម្លាំងខាងលើបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រពន្ធឈ្មោះ ម៉ង់ ស្រីលីស ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់គុយទាវ មានទីលំនៅបច្ចុប្បន្នទីកន្លែងកើតហេតុខាងលើ ចំណែកម្ចាស់ផ្ទះជាប្តីបានរត់គេចខ្លួនបាត់ស្រមោល។

លោកអធិការបានបន្តថា: ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនក៏បានបញ្ជូនជនសង្ស័យយកមកសាកសួរ ខណ:ពេលនោះ ជនសង្ស័យដែលបានឃាត់ខ្លួនក៏បានសារភាពមុខនគរបាលជំនាញថា ខ្លួនពិតជាបានមកជក់និងលក់សារធាតុញៀនមែន បន្ទាប់មកកម្លាំងនគរបាលជំនាញរបស់បានកសាងសំណុំរឿង ទៅតាមនិតិវីធីច្បាប់ ៕ ស សារ៉េត


ចែករំលែក៖