ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករ បុកម៉ូតូបត់ឆ្លងផ្លូវពីក្រោយរបួសធ្ងន់ ស្រាល៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ត១គ្រឿង ដឹកកម្មករមិនទាន់ដល់រោងចក្រផង បានព្រលះម៉ូតូពីក្រោយ១គ្រឿងឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ ទាំងព្រឹកហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលបុករូបសំណាកដំរីតាំងមុខខ្លោងទ្វារវត្ត បណ្តាលឲ្យមនុស្សជិះលើរថយន្តរបួសធ្ងន់ ស្រាល៤នាក់ទៀត ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ តាមផ្លូវលំមុខវត្តត្រពាំងឈូក ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ កំពុងបើកបរលើផ្លូវលំក្នុងភូមិខាងលើ ទិសដៅពីលិចទៅកើត ។ លុះមកដល់មុខវត្តត្រពាំងឈូក បានបត់ឆ្លងថ្នល់ទៅទិសខាងជើងអត់ស៊ីញ៉ូ ។ ស្របពេលនោះ មានរថយន្តដឹកកម្មករ១គ្រឿង ប្រភេទកូរ៉េ កំពុងបើកពីក្រោយជ្រុលបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ ។

ប្រភពដដែលបន្តថា ខណៈបុកម៉ូតូរួច រថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតបុករូបសំណាកដំរី ដែលនៅមុខក្លោងទ្វារវត្ត បណ្តាលឲ្យមនុស្សជិះលើរថយន្ត របួស៤នាក់ គឺអ្នកបើករថយន្ត ភេទប្រុស របួសធ្ងន់ បាក់ភ្លៅ និងកម្មការិនី៣នាក់ របួសស្រាល ។

ក្រោយកើតហេតុ គេប្រញាប់បញ្ជូនអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ និងយានយន្ត នៅមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖