ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញបើកវេទិការសាធារណៈ នៅខណ្ឌចំការមន ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាមស្អុយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌចំការមន ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿង ញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្លីសាធារណៈ និងសំរាមស្អុយ សណ្តាប់ធ្នាក់សាធារណៈ​ បញ្ហាចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេងទំនើង ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃអង្គារ ៨រោចខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០២ តុលា ឆ្នាំ២០១៨ នៅកោះពេជ្រ ក្រោមអធិបតីភាព លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

ក្នុង​វេទិកា​សាធារណៈ​នេះ​ លោក ​ម៉ប់ សារិន​ ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា​៖ វេទិកាផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​ តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ស្នើឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់ បានរ​បស់​ប្រជាពលរដ្ឋ​។​

លោក ម៉ប់ សារិន ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ។ ក្នុងឱកាស​នោះ លោក​បានកោតសរសើរ​ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បាន​ល្អ​។​

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀន ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលភាគច្រើនជាមេភូមិ បានឡើងមកស្នើសុំដល់អាជ្ញាធររាជធានីភ្នំពេញ ជួញដោះស្រាយជាច្រើនករណី ដែលភាគច្រើនជាពាក់ព័ន្ធនឹងការងារសាធារការ ដូចជា បញ្ហាដាក់អំពូលភ្លើង បញ្ហាផ្លូវស្រុត បញ្ហាដាក់លូ បញ្ហាកាប់ដើមឈើ និងកាប់មែកឈើ បញ្ហាដាក់សញ្ញាចរាចរណ៍គំនូសថ្មើរជើង នៅមុខសាលាបឋមសិក្សាវត្តមហាមន្រ្តី ដើម្បីងាយស្រួលក្នុងពេលដែលសិស្ស ចេញពីសាលាធ្វើដំណើរបានស្រួល និងមានគ្រោះថ្នាក់ចរាចរ បញ្ហាកែអក្ខរាវិរុទ្ធលើសៀវភៅគ្រួសារ ការចុះបញ្ជីឈ្មោះក្មេងតូចៗចូលក្នុងសៀវភៅគ្រួសារនៅសាលាខណ្ឌមានការយឺតយ៉ាវ។

លោកស្រី កែវ សុខពិសី អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវសំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ​ឲ្យបាន​ល្អ​ប្រសើ​រ និងស្វែងរក​នូវ​ដំណោះស្រាយ ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។

សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌនីមួយៗ មានន័យថា៖ ទាំង១២ខណ្ឌ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ដងផងដែរ៕ សំរិត


ចែករំលែក៖