ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ជិះរថយន្តបុកអ្នកដើរតាមផ្លូវរងរបួសក្បាលធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់រងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរ សន្លប់នឹងកន្លែង ខណៈដែលកំពុងដើរតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តម៉ាក LEXLIS(RX300) ពណ៌ទឹកមាស បើកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី១ ខែតុលាឆ្នាំ ២០១៨ វេលាម៉ោង ៣និង៤០នាទីរសៀល នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៥៤ និងលេខ១៥៥ ស្ថិត ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលរងរបួសធ្ងន់មានឈ្មោះ សុខ សុផាត អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ពៅ រុន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុនរបរ មន្ត្រីយោធា មានទីលំនៅភូមិច្រកលាវ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចបានវាស់ជាតិអាល់កុល 1,04mg/L ក្នុងខ្លួន ជនជាអ្នកបើកបររថយន្តបង្ក ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានស្ត្រីចំណាស់ម្នាក់ កំពុងដើរតាមផ្លូវជាតិលេខ១ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៥៤ និង១៥៥ ពីកើតមកលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកLEXLIS(RX300) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Q7983 បើកបរខ្វះការប្រុងប្រយត្ន័ក៏បុកពីក្រោយស្ត្រីខាងលើយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងក្រោយ (ធ្ងន់) ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ព្រមទាំងឃាត់ខ្លួនអ្នកបើករថយន្តមកសាកសួរ ។

ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋានក្រុងបាវិតដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖