ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៨នាក់​​ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស​ទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយករណី បង្កឡើងដោយជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅចំណុចមុខកាស៊ីណូវិមានខ្សាច់ស រួចជិះរត់គេចខ្លួនបាត់ ។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទ័ណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន​ បើកការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកចំនួន០៨នាក់បន្ថែមទៀត នៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឆ្លងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ WANG TAO ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខ របរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខៈ EE០៥០២៥៩០ ស្នាក់នៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ៨នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោមនេះ÷

១-/ឈ្មោះ ឯក មាន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។

២/ឈ្មោះ ស៊ុត គឹមស្រេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកឆក់ ) ។

៣ /ឈ្មោះ យាន ច័ន្ទរក្សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

៤-/ ឈ្មោះ ចែម ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

៥-/ ឈ្មោះ ដាវ វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

៦-/ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

៧-/ ឈ្មោះ ស៊ូ ង៉ែត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សន្តិសុខយាមកន្ទុយនាគ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

៨-/ ឈ្មោះ លី សេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

នៅពេលសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្រុមយុវជនខាងលើសមត្ថកិច្ចដកហូតបាន វត្ថុតាង កាបូប០១ កាក់កាដូរប្រាក់ កាស៊ីណូ ចំនួន០៤ ។ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្ម្មៅ ។ កាតធនាគារ ០១.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE.5 ពណ៌ខ្មៅមួយគ្រឿង.និងទូរស័ព្ទដៃ ម៉ាក អិនចុចពិល០១គ្រឿង ពណ៌ផ្ទៃមេឃ ។ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា WINNER ពណ៌ស-ខៀវ គ្មានស្លាកលេខ ( មធ្យោបាយធ្វើសកម្មភាព ) ។

បច្ចុប្បន្នក្រុមយុវជនសង្ស័យខាងលើ ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌ កម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដើម្បីផ្តន្ទាទោសទៅតាមនិតិវីធីច្បាប់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨_២៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានក្រុមបក្ខពួកយុវជនដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិភ្ញៀវទេសចរណ៍បានចំនួន១០នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖