ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួន យុវសិស្សវិទ្យាល័យវត្តភ្នំម្នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សិស្សវិទ្យាល័យវត្តភ្នំម្នាក់​ ជាមុខសញ្ញាឆក់កាបូបត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន និងធ្វើការសាកសួរបញ្ចប់នីតិវិធី ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ នៅរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះ មន គឹមហុង ហៅ ម៉េង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

យោងតាមនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ស្ថានីយ៍ប្រេងឥន្ធន:PTT ផ្លូវលេខ ៥១ កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស( ឆក់ថង់យួរ ពណ៌ ខ្មៅ ) នៅចំណុចក្រោយស្ថានីយ៍ប្រេងឥន្ធន:សូគីម៉ិច ផ្លូវលេខ២០៦កែងផ្លូវលេខ២១១ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ៦ និង ៣០ នាទី បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំការិយាល័យកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖