ព័ត៌មានទាន់ហេតុការណ៍៖

តារាម៉ូដែលខ្មែរពីររូបទៀត នឹងបង្ហាញខ្លួននៅព្រឹត្តិការបង្ហាញម៉ូដអន្តរជាតិនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាម៉ូដែលខ្មែរ២រូបគឺកញ្ញា ប្រិមប្រិយ សុវឌ្ឍានា (PrempreySovothana) និងអ្នកនាង Rany Pettis នឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិនាសហរដ្ឋអាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុង ខែតុលា ឆ្នាំ២០១៨ ជាមួយតារាពីកម្ពុជាកញ្ញា ម៉ាយ៉ា ។ ពួកគេត្រូវបានគេរំពឹងថា នឹងនាំមកនូវមោទនភាពមួយសម្រាប់ជាតិខ្មែរលើឆាកអន្តរជាតិ ។

តាមការគ្រោងទុកលោក Remy Hou នឹងដឹកនាំក្រុមការងារ និងនាំតារាបង្ហាញម៉ូដជនជាតិខ្មែរមួយរូបគឺកញ្ញាMarianne Clais ហៅម៉ាយ៉ាវ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក ។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដី នៃសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ ។ កម្មវិធីលំដាប់អន្តរជាតិ នេះនឹងមានអ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌាឌូបៃប៉ាគីស្ថានសហរដ្ឋអាមេរិក និងកម្ពុជា ។ ក្រៅពី ម៉ាយ៉ា តារាបង្ហាញម៉ូដខ្មែរពីររូប ដែលកំពុងរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកក៏នឹងលេចចមុខក្នុងកម្មវិធីដ៏ធំនេះដែរ ។

ថ្លែងពីសហរដ្ឋអាមេរិកអ្នកនាងប្រិមប្រិយសុវឌ្ឍានា (PrempreySovothana) តារាបង្ហាញម៉ូដខ្មែរវ័យ២៦ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក នាងធ្លាប់បានចូលរួមកម្មវិធីបង្ហាញម៉ូដជាច្រើនលើកច្រើនសានៅកម្ពុជា ។ នាងបញ្ជាក់ថានាងពិតជាសប្បាយចិត្ត ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះពិសេស បានស្លៀកនូវសម្លៀកបំពាក់ដែលរចនាផ្ទាល់ដោយ លោកRemy Hou ។ នាងបន្តថា កាន់តែមោទនភាពនោះ គឺបានស្លៀកសម្លៀកបំពាក់ ឆ្នៃពិសេសនៃការលាយបញ្ចូលគ្នានូវម៉ូដសម័យ ដោយផលិតផលខ្មែរដូចជាសូត្រជាដើម បូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរដែលកាន់តែធ្វើឲ្យសម្លៀកបំពាក់នេះលេចធ្លោរ នៅលើឆាកអន្តរជាតិ ។

ឆ្លើយឆ្លងពីរដ្ឋ Florida សហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិច អ្នកនាងRany Pettisបានបញ្ជាក់ថា នាងធ្លាប់ប្រឡូកវិស័យដើរម៉ូដរយៈពេល១០ឆ្នាំមកហើយគឺពីឆ្នាំ២០០៨ ។ នាងថានាងធ្លាប់បង្ហាញម៉ូសម្លៀកបំពាក់ គ្រឿងពេជ្រ និងវិស័យមួយចំនួនទៀត នៅកម្ពុជា ។ បើទោះបីជាមករស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០១២ក្តីក៏នាងនៅតែបន្តការងារជាអ្នកបង្ហាញម៉ូដដដែល ។ នាងបង្ហាញពីអារម្មណ៍រំភើបខ្លាំងថាទទួលបានឱកាសការងារជាថ្មីជាមួយ លោក Remy Hou ពិសេសបានស្លៀកសម្លៀកបំពាក់ឆ្នៃពិសេសដោយទឹកដៃកូនខ្មែរ មានទម្រង់ម៉ូដថ្មី ដោយការលាយបញ្ចូលគ្នារវាងម៉ូដសម័យដោយផលិតផលខ្មែរដូចជាសូត្រជាដើមបូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរ ។ នាងរំពឹងថាស្នាដៃរចនាពិសេសនេះនឹងទទួលបានការគាំទ្រច្រើន និងបង្ហាញពីកិត្តិសព្ទល្អរបស់អ្នកច្នៃម៉ូដខ្មែរ និងសមត្ថភាពអ្នកបង្ហាញម៉ូដខ្មែរលើឆាកអន្តរជាតិ ។

គួរបញ្ជាក់ដែរថា លោក Remy Hou គឺជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ ដែលលោកចាប់ផ្តើមការងារច្នៃម៉ូដផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូដស្បែកជើងចាប់តាំងពីឆ្នាំ២០១០ ។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ ៕ វឌ្ឍនា


ចែករំលែក៖