ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឡើងលេងលើបង្គោលភ្លើងឆក់ធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ឡើងលេងលើបង្គោលភ្លើងបណ្ដាលឲ្យឆក់ស្លាបយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២.០០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែអាស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅតំបន់ក្របីលាច ក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្មេងរងគ្រោះឈ្មោះ ផា ភ័ស្ដ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ យា មុត ភេទស្រី អាយុ ៤០ឆ្នាំ (ត្រូវជាម្ដាយបង្កើត) បានបំភ្លឺថា គាត់តែងតែប្រើកូនប្រុសទៅឃ្វាលគោ នៅតំបន់ក្របីលាច នៅខាងលិចភូមិចំងាយ ២គីឡូម៉ែត្រ ជាមួយក្មេងៗ ក្នុងភូមិជាប្រចាំ ហើយបានឮគេបា្រប់ថា ពួកក្មេងៗ តែងឡើងលេងលើបង្គោលភ្លើងជាប្រចាំ ឮដូចនោះ គាត់បានហាមកូន កុំឲ្យឡើងលេងទៀតប្រយ័ត្នឆក់ស្លាប់ លុះនៅថ្ងៃកើតហេតុ កូនប្រុសគាត់បានទៅឃ្វាលគោនៅតំបន់នោះដូចសព្វដង នៅម៉ោងប្រហែល១២.០០នាទី ស្រាប់តែប្រជាការពារភូមិខ្មាក់ ឈ្មោះ សូយ ចន្ថា ភេទប្រុស បានទូរស័ព្ទប្រាប់ថា កូនឡើងលេងលើបង្គោលភ្លើង ឥឡូវវាត្រូវឆក់ស្លាប់បាត់ហើយ ឮដូចនោះ គាត់បានឲ្យប្ដីទៅមើល ហើយយកសពកូនមកផ្ទះ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុកប្រាសាទបល្ល័ង្ក និងប៉ុស្ដិ៍នគរបាលសាលាវិស័យសហការជាមួយរដ្ឋអំណាចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ សាកសពជនរងគ្រោះ មានស្នាមរលាកស្បែក និងរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង ពុំឃើញមានស្លាកស្នាមអ្វីទៀតឡើយ ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានបានថាៈ ក្មេងរងគ្រោះពិតជាស្លាប់ដោយសារឡើងលេងលើបង្គោលភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ស្លាប់ ប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖