ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះដេញតាមក្របួចជាប់ រួចវាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន ហើយប្រគល់ឲ្យអាវុធហត្ថខណ្ឌទួលគោកចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន ។
ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃចន្ទ ៦កើត ខែអស្បុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ចាន់ណា វិរ:ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ(ផ្ទះមីង)ម្តុំផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
មានស្រុកកំណើត នៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GQ-1987 បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដេញតាមក្របួចជាប់ រួចវាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន ហើយទើបប្រគល់ឲ្យអាវុធហត្ថខណ្ឌទួលគោកចាត់ការតាមច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យរងរបួសបែកក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួស រួចបញ្ជូនបន្តទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ស តារា