ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាដើរលេងត្រូវចោរឆក់កាបូបស្ពាយបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះប្រុសស្រីមានគ្នា៣នាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាកMSXដើរលេង ក៏ត្រូវបានក្រុមចោរមានគ្នា៣នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីអ្នកអង្គុយពីក្រោយ បានសម្រេចអស់លុយខ្មែរចំនួន១លានរៀល នiងលុយដុល្លារចំនួន300$គេចខ្លួនដោយសុវត្ថិភាព ។

ក្នុងហេតុការណ៍ចោរឆក់នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង30នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ប្រុសម្នាក់ និងស្រី២នាក់ ជិះម៉ូតូម៉ាក MSX ពណ៌ស មិនចាំស្លាកលេខ បើកបរមកតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានក្រុមចោរ៣នាក់ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរស្របទិសដៅគ្នា ក្នុងទិសដៅពីកើតទៅលិច ហើយជិះមកជិតជនរងគ្រោះរួច ក៏ធ្វើសកម្មភាពឆក់កាបូបពីអ្នកដែលអង្គុយពីក្រោយបានសម្រេចហើយបើករត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះ ដែលពួកគេក៏បានស្រែកថា ចោរៗដែរ និងជិះដេញតាម ប៉ុន្តែតាមមិនទាន់ពួកចោរនោះឡើយ ។

ជនរងគ្រោះនិយាយថា សម្ភារបាត់បង់ មានលុយខ្មែរចំនួន១លានរៀល និងលុយដុល្លារចំនួន300$ អត្តសញ្ញាណប័ណ្ណខ្មែរចំនួន១សន្លឹក លិខិតឆ្លងដែនចំនួន១ច្បាប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារថ្មី២ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖