ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញជនជាតិចាម ឈ្មោះ ខុម ចំណាយលុយខ្ទង់ម៉ឺនដុល្លារ ដើម្បីបានសិទ្ធិដាក់របាំង​រាប់គីឡូម៉ែត្រនៅឡូត៍លេខ១៧ និង១៨ ស្រុកអង្គរបុរី

ចែករំលែក៖

តាកែវ៖ មិនដែលចេញមុខ​នោះទេ ប៉ុន្តែកេរ្តិ៍ល្បីល្បាញ​យ៉ាងសន្ធឹក​ ជាពិសេស​ក្នុងចំណោមពួក​អ្នកដែលពូកែ​ប្រព្រឹត្តបទល្មើសនេសាទនៅស្រុកអង្គរបុរី​នោះគឺឈ្មោះ ខុម ដែលជាជនជាតិចាម រស់នៅភូមិកំពង់យោល ស្រុកកំពង់យោល ស្រុកបុរីជលសា ខេត្តតាកែវ ។

ប្រភពគួរឲ្យជឿទុកចិត្ត បានខ្សឹបថា ជនងប់នឹងបទល្មើសនេសាទជនជាតិចាមម្នាក់ឈ្មោះ ខុម បានប្រើដៃជើងរបស់ខ្លួនរត់ការជូនមន្ត្រីតាំងពីថ្នាក់តូចតាច រហូតដល់ថ្នាក់ធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ​ដើម្បី​បានឱកាស ស៊ុំគ្រលុំគ្នា ធ្វើខ្វាក់ ធ្វើថ្លង់ ក្នុងករណីដាក់របាំង​នេសាទល្មើសច្បាប់​ប្រវែងរាប់គីឡូម៉ែត្រ នៅស្រុកអង្គរបុរី ដោយមិនខ្វល់​ខ្វាយនឹងរឿងហិនហោចចម្ឆជាតិអ្វីនោះឡើយ សំខាន់ឲ្យតែបានប្រយោជន៍ផ្ទាល់ខ្លួន និងចែករំលែកខ្លួន​ទៅមន្ត្រីពុករលួយដែលពាក់ព័ន្ធគឺជាការស្រេច ។

ប្រភពខ្សឹបទៀតថា ឈ្មោះ ខុម ជនជាតិចាម មេខ្លោងប្រើឧបករណ៍នេសាទល្មើសច្បាប់រូបនេះ ធ្វើសកម្មភាពបំផ្លាញមច្ឆជាតិ​នៅចំណុចឡូត៍នេសាទលេខ១៧ និងឡូត៍លេខ១៨ ស្រុកអង្គរបុរីនេះ ជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែ​ហាក់គ្មានឃើញមន្ត្រី​ ឬអង្គភាពពាក់ព័ន្ធណារមាស់ដៃរបស់ជើងចុះទៅបង្ក្រាបម្តងណាទេ ដោយសង្ស័យថា ពួកអ្នកបង្ក្រាបទាំងនោះ កំពុងតែឆ្ងាញ់នឹងចំណី ដែលបោះឲ្យស៊ីពីសំណាក់ឈ្មោះ ខុម នេះមែនហើយ ។

ប្រភពបន្តថា ឈ្មោះ ខុម បានចំណាយប្រាក់​ខ្ទង់ម៉ឺនដុល្លារ ដើម្បីបានដាក់របាំងរាប់គីឡូម៉ែត្រនេះក៏ពិតមែន ប៉ុន្តែផលចំណេញ​ ពិតជាមិនធម្មតានោះឡើយដែលបានមកពីការប្រើឧបករណ៍នេសាទល្មើសច្បាប់ ហើយមានរយៈចម្ងាយឆ្ងាយរាប់គីឡូម៉ែត្របែបនេះ ។

ប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញឹប ស៊្រន ធ្លាប់អះអាងប្រាប់កាសែតនគរវត្តថា លោកមិនពាក់ព័ន្ធនឹងបទល្មើស​នេសាទ ឬក៏អនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរនាស្រុក​បុរីជលសា និងស្រុកអង្គរបុរីនោះឡើយ ។ លោកអះអាងថា​ ជំនាញរបស់លោកបានខិតខំបង្ក្រាបបទល្មើសជាបន្តបន្ទាប់ នៅ​ក្នុងស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា ។ យ៉ាងណាក៏ដោយ ការខិតខំបង្ក្រាបនោះ ហាក់ដូចជាមិនគ្រប់គ្រាន់​ជាមួយនឹងបទល្មើស ដែលតែងតែកើតឡើងនោះឡើយ ។

មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទខេត្ត​តាកែវ អះអាងថា ពួកមន្ត្រីជលផល នៅស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា ដែលស្ទើរតែក្លាយជាស្តេចក្រាញ់​ទៅហើយនោះ ពួកគេ​ទំនងជាស៊ីដាច់​លោកប្រធានមន្ទីរ​ញឹប ស៊្រន ពីព្រោះ ទើបតែឆ្នាំនេះប៉ុណ្ណោះ ដែលក្រុមមន្ត្រីជលផល ស្ថិតនៅក្រោមអំណាចដឹកនាំផ្ទាល់របស់មន្ទីរកសិកម្ម ។ ដូច្នេះ​លោកញឹប ស៊្រន មិនសូវជាដឹងរឿងខិលខូចរបស់មន្ត្រីជលផលថ្នាក់ក្រោមនោះប៉ុន្មានទេ ។

ជាក់ស្តែង ករណីឈ្មួញជនជាតិខ្មែរ ឥស្លាម ឈ្មោះ ខុម ដែលមានសិទ្ធិដាក់របាំងរាប់សិបគីឡូម៉ែត្រ​ក្នុងស្រុកអង្គរបុរី គឺបុគ្គលនេះ​បានចំណាយប្រាក់រួចហើយ​ឲ្យមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះ ។ ប៉ុន្តែថា ពួកមន្ត្រីជលផល​ទាំង​នោះ​បានចែកលាភសក្ការជូន​ថ្នាក់ដឹកនាំមន្ទីរកសិកម្មឲ្យបានលិឌខ្លះឬយ៉ាងណានោះ គឺគ្មាននរណាដឹងទេ ។ គេនិយាយថា គ្រាន់តែឈ្មួញ​ឈ្មោះ ខុម ម្នាក់ ហ៊ានចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ​ឲ្យពួកមន្ត្រីជលផលនៅស្រុកអង្គរបុរី ។ មជ្ឈដ្ឋានខ្លះលើក​ឡើងថា វាលំបាកណាស់​ដែលថា លោក ញឹប ស៊្រន មិនទទួលបានលាភសក្ការនោះ ។ តែខ្លះថា ទំនងជាលោកអត់បានអីលិឌមែន ពីព្រោះមន្ត្រីថ្នាក់ក្រោមរបស់លោក លេងល្បិច ៕ ហេង សូរិយា


ចែករំលែក៖