តាកែវ៖ មិនដែលចេញមុខនោះទេ ប៉ុន្តែកេរ្តិ៍ល្បីល្បាញយ៉ាងសន្ធឹក ជាពិសេសក្នុងចំណោមពួកអ្នកដែលពូកែប្រព្រឹត្តបទល្មើសនេសាទនៅស្រុកអង្គរបុរីនោះគឺឈ្មោះ ខុម ដែលជាជនជាតិចាម រស់នៅភូមិកំពង់យោល ស្រុកកំពង់យោល ស្រុកបុរីជលសា ខេត្តតាកែវ ។
ប្រភពគួរឲ្យជឿទុកចិត្ត បានខ្សឹបថា ជនងប់នឹងបទល្មើសនេសាទជនជាតិចាមម្នាក់ឈ្មោះ ខុម បានប្រើដៃជើងរបស់ខ្លួនរត់ការជូនមន្ត្រីតាំងពីថ្នាក់តូចតាច រហូតដល់ថ្នាក់ធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវដើម្បីបានឱកាស ស៊ុំគ្រលុំគ្នា ធ្វើខ្វាក់ ធ្វើថ្លង់ ក្នុងករណីដាក់របាំងនេសាទល្មើសច្បាប់ប្រវែងរាប់គីឡូម៉ែត្រ នៅស្រុកអង្គរបុរី ដោយមិនខ្វល់ខ្វាយនឹងរឿងហិនហោចចម្ឆជាតិអ្វីនោះឡើយ សំខាន់ឲ្យតែបានប្រយោជន៍ផ្ទាល់ខ្លួន និងចែករំលែកខ្លួនទៅមន្ត្រីពុករលួយដែលពាក់ព័ន្ធគឺជាការស្រេច ។
ប្រភពខ្សឹបទៀតថា ឈ្មោះ ខុម ជនជាតិចាម មេខ្លោងប្រើឧបករណ៍នេសាទល្មើសច្បាប់រូបនេះ ធ្វើសកម្មភាពបំផ្លាញមច្ឆជាតិនៅចំណុចឡូត៍នេសាទលេខ១៧ និងឡូត៍លេខ១៨ ស្រុកអង្គរបុរីនេះ ជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែហាក់គ្មានឃើញមន្ត្រី ឬអង្គភាពពាក់ព័ន្ធណារមាស់ដៃរបស់ជើងចុះទៅបង្ក្រាបម្តងណាទេ ដោយសង្ស័យថា ពួកអ្នកបង្ក្រាបទាំងនោះ កំពុងតែឆ្ងាញ់នឹងចំណី ដែលបោះឲ្យស៊ីពីសំណាក់ឈ្មោះ ខុម នេះមែនហើយ ។
ប្រភពបន្តថា ឈ្មោះ ខុម បានចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ ដើម្បីបានដាក់របាំងរាប់គីឡូម៉ែត្រនេះក៏ពិតមែន ប៉ុន្តែផលចំណេញ ពិតជាមិនធម្មតានោះឡើយដែលបានមកពីការប្រើឧបករណ៍នេសាទល្មើសច្បាប់ ហើយមានរយៈចម្ងាយឆ្ងាយរាប់គីឡូម៉ែត្របែបនេះ ។
ប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញឹប ស៊្រន ធ្លាប់អះអាងប្រាប់កាសែតនគរវត្តថា លោកមិនពាក់ព័ន្ធនឹងបទល្មើសនេសាទ ឬក៏អនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរនាស្រុកបុរីជលសា និងស្រុកអង្គរបុរីនោះឡើយ ។ លោកអះអាងថា ជំនាញរបស់លោកបានខិតខំបង្ក្រាបបទល្មើសជាបន្តបន្ទាប់ នៅក្នុងស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា ។ យ៉ាងណាក៏ដោយ ការខិតខំបង្ក្រាបនោះ ហាក់ដូចជាមិនគ្រប់គ្រាន់ជាមួយនឹងបទល្មើស ដែលតែងតែកើតឡើងនោះឡើយ ។
មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អះអាងថា ពួកមន្ត្រីជលផល នៅស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា ដែលស្ទើរតែក្លាយជាស្តេចក្រាញ់ទៅហើយនោះ ពួកគេទំនងជាស៊ីដាច់លោកប្រធានមន្ទីរញឹប ស៊្រន ពីព្រោះ ទើបតែឆ្នាំនេះប៉ុណ្ណោះ ដែលក្រុមមន្ត្រីជលផល ស្ថិតនៅក្រោមអំណាចដឹកនាំផ្ទាល់របស់មន្ទីរកសិកម្ម ។ ដូច្នេះលោកញឹប ស៊្រន មិនសូវជាដឹងរឿងខិលខូចរបស់មន្ត្រីជលផលថ្នាក់ក្រោមនោះប៉ុន្មានទេ ។
ជាក់ស្តែង ករណីឈ្មួញជនជាតិខ្មែរ ឥស្លាម ឈ្មោះ ខុម ដែលមានសិទ្ធិដាក់របាំងរាប់សិបគីឡូម៉ែត្រក្នុងស្រុកអង្គរបុរី គឺបុគ្គលនេះបានចំណាយប្រាក់រួចហើយឲ្យមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះ ។ ប៉ុន្តែថា ពួកមន្ត្រីជលផលទាំងនោះបានចែកលាភសក្ការជូនថ្នាក់ដឹកនាំមន្ទីរកសិកម្មឲ្យបានលិឌខ្លះឬយ៉ាងណានោះ គឺគ្មាននរណាដឹងទេ ។ គេនិយាយថា គ្រាន់តែឈ្មួញឈ្មោះ ខុម ម្នាក់ ហ៊ានចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារឲ្យពួកមន្ត្រីជលផលនៅស្រុកអង្គរបុរី ។ មជ្ឈដ្ឋានខ្លះលើកឡើងថា វាលំបាកណាស់ដែលថា លោក ញឹប ស៊្រន មិនទទួលបានលាភសក្ការនោះ ។ តែខ្លះថា ទំនងជាលោកអត់បានអីលិឌមែន ពីព្រោះមន្ត្រីថ្នាក់ក្រោមរបស់លោក លេងល្បិច ៕ ហេង សូរិយា