ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់ធុនធ្ងន់បង្កគ្រោះថ្នាក់ចរាចរដល់រថយន្តយោធា

ចែករំលែក៖

ភ្នំពេញៈ ទោះជាមានការណែនាំពីសាលារាជធានីភ្នំពេញហាមរថយន្តដឹកដី ដឹកខ្សាច់ ធុនធ្ងន់ មិនឲ្យចូលក្រុងយ៉ាងណាក៏ដោយ បំរាមនេះហាក់ដូចជាគ្មានឥទ្ធិពលដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ទាល់តែសោះ បំរាមនៅតែមាន តែការបំពាននៅតែកើតឡើង រៀងរាល់ថ្ងៃ ។

ជាក់ស្តែងនៅវេលាម៉ោង៩,៣០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ រថយន្តដឹកខ្សាច់ធុនធ្ងន់មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរដល់រថយន្តរបស់កងយោធពលខេមរៈភូមិន្ន នៅចំណុច មុខវត្តក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្តយោធាខូចមួយចំហៀងខាងឆ្វេង ចំណែករថយន្តដឹកខ្សាច់ធុនធ្ងន់ដាច់របើកគំរបខាងក្រោយ ធ្លាក់ខ្សាច់មកលើផ្លូវជាតិ តែមិនបង្កគ្រោះថ្នាក់អ្នកដំណើរនោះទេ គ្រាន់តែរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ករណីគ្រោះថ្នាក់ចរាចរនេះមិនជាធ្ងន់ធ្ងរនោះ ទេ តែអ្វីដែលធ្វើឲ្យមហាជនរិះគន់នោះ គឺរថយន្តបង្កគ្រោះថ្នាក់ជាប្រភេទរថយន្តដឹកខ្សាច់ធុនធ្ងន់ បើកចូលរាជធានីភ្នំពេញស្របពេល ដែលការធ្វើចរាចរណ៍មានសភាពមមាញឹក ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា ករណីនេះបង្កដោយរថយន្តដឹកខ្សាច់ធុនធ្ងន់បើកថយក្រោយមិនប្រយ័ត្នក៏បុករថយន្តយោធាតែម្តង ។ ឥឡូវនេះភាគីខាងរថយន្តដឹកខ្សាច់បានធានាសំណងដល់ភាគីខាងរថយន្តរងគ្រោះដោយយកទៅជួសជុលឲ្យវិញ ។ រថយន្តដឹកខ្សាច់នេះមិនមែនបើកឆ្លងស្ពានចូលក្រុងនោះទេ គឺបើកចូលការដ្ឋានសំណង់បុរីប៉េង ហួត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕ សណ្តោស


ចែករំលែក៖