ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនស្ត្រីយកខ្សែកកាឡៃដូរយកខ្សែកមាសពិតនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមុខសញ្ញារកស៊ីបោកប្រាស់អ្នកលក់គ្រឿងអលង្កា នៅក្នុងផ្សាច្បារអំពៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីស្ត្រីសង្ស័យរូបនេះ ប្រើល្បិចចូលទៅរកទិញខ្សែកមាសទម្ងន់១ដំឡឹងយកមកពាក់ ហើយបន្លំដូរដាក់ខ្សែកកាឡៃឲ្យអ្នកលក់មាសវិញ ២ថ្ងៃក្រោយពីធ្វើសកម្មភាព ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។

ករណីរកស៊ីបោកប្រាស់អ្នកលក់មាសនេះ បានកើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្សារច្បារអំពៅ ផ្ទះលេខលេខ៤៤ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយក្រោយពីប្រព្រឹត្តិបទល្មើសបាន២ថ្ងៃ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ត្រីសង្ស៍យបានចូលមកក្នុងផ្សារច្បារអំពៅម្តងទៀត ក្នុងបំណងប្រើល្បិចបន្លំអ្នកលក់គ្រឿងអលង្កាដូចមុន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនរងគ្រោះឈ្មោះឡុង នីឡេង ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុ ។

ជនសង្ស័យឈ្មោះម៉ាន ម៉ានរីយ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦A ផ្លូវ ជាតិលេខ៥សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

តាមការបញ្ជាក់ពីសមត្ថកិច្ច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះ និងប្តីកំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរមកទិញគ្រឿងអលង្ការ ដោយឲ្យជនរងគ្រោះយកខ្សែកមាស ម៉ូដច្រវាក់ឆាប០១ខ្សែ ទម្ងន់ ០១ដំឡឹងមកមើល រួចជនសង្ស័យយកខ្សែកមាសមកពាក់ក ពេលនោះជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏បន្លំដោះខ្សែកកាឡៃ ដែលពាក់ជាប់កស្រាប់ឲ្យទៅជនរងគ្រោះទុកវិញ រួចសុំមើលខ្សែកម៉ូដផ្សេង ជនរងគ្រោះឆ្លើយថា ចាំមួយភ្លែត រួចជនសង្ស័យក៏ដើរចេញមកក្រៅគេចខ្លួនយកខ្សែកទៅលក់ឲ្យគេនៅម្តុំផ្សារទួលសង្កែ បានលុយ ១៤៣០ដុល្លារ យកលុយទៅសងគេអស់។

លុះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៤ និង០០នាទី ជនសង្ស័យដើរចូលក្នុងផ្សារច្បារអំពៅដើម្បីរកបន្លំលួចគ្រឿងអលង្ការគេទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន ៖ ខ្សែកកាឡៃ ១៧ខ្សែ, ខ្សែដៃកាឡែ ០១ខ្សែ, ចិញ្ចៀនកាឡៃ៨វង់, ក្រវិលកាឡៃមានដាំត្បូងពណ៌ស២គូ, បណ្តោងខ្សែកកាឡៃមានដាំត្បូងពណ៌ស១, ទូរស័ព្ទដៃ២គ្រឿង ម៉ាក iPhone៦ ពណ៌ទឹកមាស, ម៉ាក iPhone៥ ពណ៌ផ្កាឈូក លុយដុល្លារ ២ដុល្លារ, លុយខ្មែរ៦០០០រៀល,កាបូបក្រវាត់ចង្កេះពណ៌ខ្មៅ ០១ និងថង់ប្លាស្ទិចពណ៌ខ្មៅ០១ ។

បច្ចុប្បន្នស្ត្រីសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖