ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកប៉ះនៅចំណុចផ្លូវជាតិលេខ៤ មុខអនុស្ថានីយចែកចាយអគ្គិសនី ឃ្លាំងលើក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍បញ្ជាក់ពីនគរបាលចរាចរណ៍ខេត្តព្រះសីហនុឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តក្រឡុកស៊ីម៉ងត៍ ០១គ្រឿង ពណ៌ ស គ្មានស្លាកលេខជារបស់ ក្រុមហ៊ុន ជុងលីធីឆ័រ មានទិសដៅពីលិចឆ្ពោះទៅកើត លុះដល់ចំណុចខាងលើ ក៏បុកប៉ះម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពត 1A-8005 បើកបរដោយឈ្មោះ វ៉ាន វឿន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិអូរត្រេះ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ដា ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានទិសដៅផ្ទុយគ្នា ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើកយករថយន្តមកទុកនៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ (ក្រុមហ៊ុន ជុងលីធីឆ័រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ) ។ ជនរងគ្រោះទី១-ឈ្មោះ វ៉ាន វឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ទី២-ឈ្មោះ ចាន់ ដា អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកស្លាប់នៅពាក់កណ្ដាលផ្លូវ បានយកមកតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារ ។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្រាវជ្រាវរក។ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ