ខេត្តរតនគិរី៖ រថយន្តមួយតូយូតាតាកូម៉ាគ្រឿងបើកបរយ៉ាងលឿន ស្រាប់តែរេចង្កូតទៅបុកយ៉ាងពេញទំហឹង ទៅលើម៉ូតូដែលកំពុងតែជិះឌុបគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុទាំងពីរនាក់យ៉ាងអាណោចអាធម័ ខណ:បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
នគរបាល ស្រុកអូរយ៉ាដាវបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត ដល់ត្រងង់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូ កែច្នៃចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់រដូករណែលពេញផ្លូវ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។
ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ទី ១-ឈ្មោះ យ៉ាន រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូកែច្នៃមួយគ្រឿងមិនស្គាល់ម៉ាកក្នុងទិសដៅពីកើតមកលិច ទី២-ឈ្មោះ ណាត សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរមានមុខរបរជាងផ្សារដែកដូចគ្នា មានទីលំនៅ ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍វាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។
រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ជីវន្ត័