ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ ជិះម៉ូតូបុកគេហើយដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវតិចតួចបង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ត្រង់ចំណុចស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនបង្កម្នាក់ ដែលគេស្គាល់ថា ជានគរបាលប្រធានផ្នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៦) បានជិះម៉ូតូមួយគ្រឿងម៉ាកHonda PCX ពាក់ស្លាកលេខ ភ្នំពេញ 1FY-7117 ពណ៌ខ្មៅបានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ា កHonda dream សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-3685 ជាមួយជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូជនបង្កPCX ខាងលើបានគៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់បែកកាបាំងមួយចំហៀង បន្ទាប់មកជនបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ ដោយបានបន្ថែមល្បឿនបើករត់ទៅមុខ ចំណែកជនរងគ្រោះវិញ បានលើកម៉ូតូជិះដេញតាមរហូតមកដល់ការ៉ាស់សាំងតេលាក្បែរមន្ទីរពេទ្យអរុណរះតាមបណ្ដោយផ្លូវ២៧១ ជនរងគ្រោះបានតាមទាន់ហើយបានប្រទូស្តរាយ នឹងគ្នា ពេលនោះ ជនបង្កបានដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាមពេញមុខ។
ក្រោយពីបង្កហិង្សារួច ជនបង្កបានឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង រួចបានបន្តដំណើរទៅចូលផ្ទះមួយកន្លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយផ្ទាល់ពីលោក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខចុះមកអន្តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួនជនបង្កនិងដកហូតបានអាវុធខ្លីមួយដើមភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនបង្ក និងជនរងគ្រោះមកអធិការដ្ឋាននរបាលខណ្ឌសែនសុខដើម្បីសាកសួរចាត់ការបន្តទៀត ៕ ភារ៉ា ដង្កោ