ភ្នំពេញ៖ ធ្លាប់សាងភាពលេចធ្លោជាច្រើនក្នុងវិស័យរចនាម៉ូដ នៅសហរដ្ឋអាមេរិក និងកម្ពុជា លោក! រ៉េមមី ហ៊ូ (Remy Hou) ទើបនឹងទទួលបានតំណែងកិត្តិយសធំមួយជាលក្ខណៈអន្តរជាតិគឺលោកក្លាយជាប្រធានក្រុមប្រឹក្សាអ្នករចនាម៉ូដ ប្រចាំតំបន់អាស៊ាន(CAFD)។ លោកបានក្លាយជាកូនខ្មែរទីមួយដែលទទួលបានតំណែងលើវិស័យរចនាម៉ូដ ហើយលោករំពឹងថានឹងជាឱកាសធំមួយសម្រាប់បន្តបង្ហាញពិភពលោកពីភាពរីកចម្រើន និងការច្នៃប្រឌិតបង្កើតថ្មីរបស់កូនខ្មែរលើឆាកអន្តរជាតិ ។
ទើបនឹងត្រឡប់មកពីសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ដោយបាននាំយកតារាបង្ហាញម៉ូដខ្មែរ និងការរចនាដ៏សម្បើម លោក រ៉េមមី ហ៊ូ (Remy Hou) ទទួលបានដំណឹងដ៏សែនរំភើបថ្មីបន្ថែមទៀតគឺលោកត្រូវបានគេជ្រើសរើសជាប្រធានក្រុមប្រឹក្សាអ្នករចនាម៉ូដ ប្រចាំតំបន់អាស៊ានដែលមានស្នាក់ការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះបញ្ជាក់លោកសប្បាយចិត្តដែលទទួលបានតំណែងមួយនេះ ព្រោះតែជាឱកាសមួយធំធេង មិនមែនសម្រាប់តែខ្លួនលោក ប៉ុន្តែវានឹងជួយវិស័យម៉ូដ (Fashion) នៅកម្ពុជាឲ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ ពិសេសវត្តមានរបស់លោក នឹងក្លាយជាសំឡេងមួយឲ្យអន្តរជាតិទទួលស្គាល់ម៉ូដសម្លៀកបំពាក់ដែលមានរសជាតិជាខ្មែរ។
លោកបញ្ជាក់ថា CAFD គឺជាអង្គការដែលជួយជំរុញអ្នកច្នៃម៉ូដនៅតំបន់ប្រទេសអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨នេះ ហើយនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺជាថ្ងៃប្រកាសសម្ពោធបើកដំណើរការ ដែលវានឹងជាស្ថាប័នរួបរួមគ្នាមួយជួយជំរុញ សហការ ពង្រឹងសមត្ថភាព បង្កើនតម្លៃ និងប្រមូលផ្តុំអ្នកច្នៃម៉ូដនៅក្នុងតំបន់អាស៊ាន។ គណកម្មការកម្មវិធី Cambodia Next Top Models រូបនេះបន្តថាការទទួលបានតំណែងនេះមិនមែនជាការចៃដន្យទេប៉ុន្តែគឺការសម្លឹងមើលឃើញពីការសិក្សាច្បាស់លាស់ សមត្ថភាព ទេពកោសល្យ បទពិសោធន៍លើវិស័យរចនាម៉ូដអស់រយៈពេល១០ឆ្នាំមកហើយនោះ។ លោកក៏គ្រោងនឹងប្រមូលផ្តុំរួមគ្នាជាមួយអ្នកច្នៃម៉ូដនៅកម្ពុជាដើម្បីចូលរួមសកម្មភាពនានា ប្រយោជន៍ជួយបន្ថែមទីផ្សារការងារ ចំណេះជំនាញមួយដែលអន្តរជាតិទទួលស្គាល់ផងដែរ។
លោកបញ្ជាក់ដែរថាលោកពិតជាមានមោទនភាព និងប្តេជ្ញាថានឹងព្យាយាមប្រឹងប្រែងបំពេញកិច្ចការងារ ជួយជំរុញផ្សព្វផ្សាយ លើកកម្ពស់វិស័យម៉ូដ និងឲ្យអន្តរជាតិទទួលស្គាល់ថា កូនខ្មែរក៏មានសមត្ថភាពគ្រប់គ្រងកាន់ការងារធំៗបានផងដែរ។
គួរបញ្ជាក់ដែរថាលោករ៉េមមី ហ៊ូ (Remy Hou) គឺជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ដែលលោកចាប់ផ្តើមការងារច្នៃម៉ូដផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូដស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីលោក Justin Bieberជាដើម។កន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ។ លោកទើបនឹងបញ្ចប់ការច្នៃម៉ូដ និងដឹកនាំតារាបង្ហាញម៉ូដខ្មែរចេញទៅបង្ហាញមុខលើទឹកដីនៃសហរដ្ឋអាមេរិកប្រកបដោយជោគជ័យផងដែរ៕ វឌ្ឍនា